ខេត្តសៀមរាប៖ ក្នុងខែកក្កដា ឆ្នាំ២០១៩ មានពលរដ្ឋនៅឃុំព្រះដាក់ លួចគាស់កូនឈើប្រណីត ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានភ្នាក់ងារអភិរក្សព្រៃឈើ នៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា បានចុះទប់ស្កាត់ និងឃាត់ខ្លួនពលរដ្ឋចំនួន២នាក់ ក្នុងចំណោមពលរដ្ឋជាច្រើនទៀត បន្ទាប់ពីលួចគាស់រំលើងកូនឈើប្រភេទប្រណីតៗជាង១០ដើម នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ថិតនៅភូមិតាកុះ ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
យោងតាមរបាយការណ៍របស់ភ្នាក់ងារអភិរក្សព្រៃឈើ ជនបង្កឈ្មោះ ប្រាក់ រាម និងឈ្មោះ យោក យេន មានទីលំនៅភូមិតាកុះ ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានគាស់កូនធ្នង់ចំនួន ១៥ដើម ដែលមានទំហំមុខកាត់ត្រង់គល់ប្រហែល១តឹក កម្ពស់៣ទៅ៤ ម៉ែត្រ ក្នុងនោះដែរ មន្ត្រីបានចាប់ឃាត់បានម៉ាស៊ីន ថាឡេថងមួយគ្រឿង យកទៅរក្សាទុកនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ និងបានធ្វើកិច្ចសន្យាបញ្ឈប់បើមិនរាំងចាល នឹងអនុវត្តតាមច្បាប់ ៕ ប៊ុនរិទ្ធី