ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក វាយប្រហារ អារ៉ាប៊ី សាអូឌីត

ចែករំលែក៖

ក្រុមហ៊ូធីនៅក្នុងប្រទេសយេមែន ដែលជាសត្រូវរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក វាយប្រហារទៅលើអាកាសយានដ្ឋាន អន្តរជាតិ Abha ដើម្បីសងសឹក នឹងការវាយប្រហារពីកម្លាំងទាហាន អារ៉ាប់ទៅលើទីតាំង នៅយេមែន។

ប្រភពខាងលើ បានបង្ហាញផងដែរថា ការវាយប្រហារនោះ ត្រូវបានធ្វើឡើង នៅស្ថានីយ ថាមពល Tihama ។បើទោះជា​សេចក្តីរាយការណ៍ដំបូង ​បញ្ជាក់ថា ការចរាចរណ៍របស់អាកាសចរណ៍​មកដល់​អាកាសយានដ្ឋាន​ខាងលើនេះ​ ត្រូវបានផ្អាកក៏ដោយ ក៏ទូរទស្សន៍ Al-Arabiya TV បានផ្សាយថា ការចរាចរណ៍ផ្លូវអាកាស​គឺនៅតែបន្តប្រតិបត្តិការ​ដូចធម្មតា ក្រោយ​ពីយន្តហោះ​ឌ្រូន របស់ពួក Houthi ដែលដាក់ពង្រាយ​ ដើម្បីវាយប្រហារ​នោះ ហើយដូ្រនទាំងនោះត្រូវបានស្ទាក់ចាប់បានអស់ហើយ ។ សេចក្តីថ្លែងការណ៍​មួយ​របស់កងកម្លាំង​សម្ពន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត អះអាងថា «យន្តហោះឌ្រូនទាំងនោះ មិនអាចសម្រេចគោលដៅរបស់ពួកគេបានទេ» ។

អ្នកនាំពាក្យ​របស់ក្រុម Houthi បាន​អះអាងថា យន្តហោះឌ្រូន​របស់ពួកគេ បានវាយប្រហារ​គោលដៅ​ទីតាំងយោធា​របស់ក្រុមអារ៉ាប៊ីសាអ៊ូឌីត ។

សូមបញ្ជាក់ថា កាលពី២ថ្ងៃកន្លងមកនេះ មានការវាយប្រហារតាមអាកាស​ ដោយយន្តហោះឌ្រូន​ផងដែរ​ ស្ថិតនៅលើអាកាសយានដ្ឋាន ក្នុងតំបន់ Jizan នាភាគខាងត្បូង​របស់អារ៉ាប៊ីសាអ៊ូឌីត ។ អ្នកនាំពាក្យរបស់ចលនា Houthi បានអះអាងថា ពួកគេនឹងបន្តប្រតិបត្តិវាយប្រហារដ៏ឈឺចាប់​បន្ថែមទៀត ​នៅពេលអនាគត ទៅលើទីតាំង​របស់អារ៉ាប៊ីសាអ៊ូឌីត ។

គួររំឭកថា អារ៉ាប៊ីសាអ៊ូឌីត​ បានចូលខ្លួននៅក្នុងសង្គ្រាមយេមែន​ ​តាំងពីឆ្នាំ២០១៥ ។ រហូតមកដល់ពេលនេះ សមរភូមិ​​ប្រយុទ្ធនៅតែ​កើតមាន ​រវាង​ក្រុមសកម្មប្រយុទ្ធ Houthi នៅប្រទេសយេមែន ជាមួយនឹង​កងកម្លាំងសម្ពន្ធមិត្តដឹកនាំ ដោយអារ៉ាប៊ីសាអ៊ូឌីត។ អង្គការសហប្រជាជាតិ​ បានកត់សម្គាល់ថា អំពើហិង្សា ​នៅក្នុង​ប្រទេសយេមែន គឺជាវិបត្តិ​ផ្នែកមនុស្សធម៌​ដ៏អាក្រក់បំផុតរបស់ពិភពលោក ។ ជាក់ស្តែង​ប្រជាជនយេមែន​ ប្រហែល​២៤លាននាក់​ ត្រូវការជំនួយមនុស្សធម៌ ៕


ចែករំលែក៖