ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបាតុកម្មគ្មានបញ្ចប់ រដ្ឋាភិបាលហុងកុង សម្រេចលុបច្បាប់​ធ្វើបត្យាប័នជាផ្លូវការ

ចែករំលែក៖

ពលរដ្ឋរដ្ឋហុងកុងធ្លាប់រស់នៅដោយមានសេរីភាព ក្រោមការគ្រប់គ្រងរបស់អង់គ្លេស ​បើទោះបីហុងកុងបានសងទៅឲ្យចិនក្តី តែកោះនេះ នៅមានសិទ្ធិគ្រប់គ្រងរដ្ឋបាលដោយស្វាយ័តពីចិនដីគោក។ ទាំងនោះហើយ បានជាពលរដ្ឋហុងកុង មិនចង់ឲ្យមានច្បាប់បញ្ជូនខ្លួនទៅកាន់ចិននោះឡើយ ​។

នៅពេលនេះ​ អភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានប្រកាសថា កិច្ចការងារទាំងឡាយពាក់ព័ន្ធនឹង ច្បាប់ធ្វើបត្យាប័នជនសង្ស័យឲ្យអាជ្ញាធរចិនដីគោក ដែលជាដើមហេតុនៃការផ្ទុះមហាបាតុកម្ម និងអំពើហិង្សាយ៉ាងកក្រើកនាពេលកន្លងមកនេះ គឺបានរលាយអស់ហើយ ។

ស្ថិតនៅចំពោះមុខក្រុមអ្នកកាសែត កំឡុងការធ្វើសន្និសីទសារព័ត៌មានមួយនាថ្ងៃអង្គារនេះ លោកស្រី Lam បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ភាពតានតឹង ការប្រឈមមុខគ្នា និងភ្លើងកំហឹងរបស់ប្រជាពលរដ្ឋហុងកុង គឺបណ្តាលមកពីផែនការចង់អនុម័តច្បាប់ធ្វើបត្យាប័ន ជនសង្ស័យរបស់រដ្ឋបាលទីក្រុងហុងកុងសុទ្ធសាធ»។

លោកស្រី Lam បានបន្តថា «ប្រជាជនហុងកុងភាគច្រើន នៅតែមានមន្ទិលសង្ស័យអំពីភាពស្មោះត្រង់ និងភាពប្រាកដប្រជារបស់រដ្ឋបាលហុងកុង ឬក៏នៅតែមានក្តីបារម្ភថា តើរដ្ឋបាលហុងកុងនឹងចាប់ផ្តើមផែនការចម្រូងចម្រាសនេះ ឡើងវិញនាពេលអនាគត ឬយ៉ាងណា។ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថា ពុំមានគម្រោងបែបនេះឡើយ និយាយឲ្យច្បាស់លាស់ទៅ គឺផែនការនេះបានស្លាប់ទៅតាមខ្យល់បាត់ហើយ»។

នាឱកាសនោះ លោកស្រី Carrie Lam ក៏បានប្តេជ្ញាផងដែរថា នឹងស្តារទំនុកចិត្តរបស់សាធារណជន ចំពោះរដ្ឋបាលលោកស្រីឡើងវិញ និងស្នើឲ្យមានការបង្កើតវេទិកាបើកចំហមួយ ជាទីសម្រាប់ប្រជាពលរដ្ឋហុងកុង ដែលមានទស្សនៈ និងគំនិតផ្សេងៗគ្នា អាចធ្វើការទំនាក់ទំនងជាមួយរដ្ឋបាលហុងកុង ដោយសន្តិវិធីនិងប្រកបដោយសណ្តាប់ធ្នាប់។

លោកស្រី Lam បានគូសបញ្ជាក់ដូច្នេះទៀតថា «ខ្ញុំមើលឃើញយ៉ាងច្បាស់នូវការមិនពេញចិត្ត ក្នុងចំណោមប្រជាពលរដ្ឋហុងកុង ហើយវាឆ្លុះបញ្ចាំងឲ្យឃើញពីបញ្ហាយ៉ាងស៊ីជម្រៅ នៅក្នុងសង្គមហុងកុង។ ដូច្នេះហើយរដ្ឋបាលយើង នឹងមិនគេចវេសពីបញ្ហានេះឡើយ តែនឹងប្រឈមមុខវាដោយចំៗតែម្តង។ ជាចុងក្រោយពួកយើងសង្ឃឹមថា នឹងអាចរកច្រកផ្លូវចេញដ៏ល្អមួយ សម្រាប់ទីក្រុងហុងកុងបាន»៕


ចែករំលែក៖