ព័ត៌មានទាន់ហេតុការណ៍៖

វិវាទពាណិជ្ជកម្ម រវាង ជប៉ុន និងកូរ៉េខាងត្បូង កាន់តែរីកធំឡើង

ចែករំលែក៖

វិវាទពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូង ធ្លាក់ក្នុងដំណាក់កាលជាប់គាំង ដោយភាគីទាំងពីរ មិនអាចស្វែងរកសំឡេង រួមគ្នានៅក្នុងការដោះស្រាយនោះឡើយ ។ ដោយបញ្ហាវិវាទកាន់តែធំឡើង ភាគីជប៉ុន មានបំណងយកបញ្ហាជម្លោះខាងលើឡើងទៅដោះស្រាយនៅក្នុងតុលាការអន្តរជាតិ​ ។

ជប៉ុន និងកូរ៉េខាងត្បូង គឺជាមហាអំណាចសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ី ប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំង នៅពេលនេះ រដ្ឋាភិបាលទីក្រុងតូក្យូកំពុងពិចារណាយកសំណុំរឿង ដែលតុលាការទីក្រុងសេអ៊ូល បង្គាប់ឲ្យខ្លួនបង់សំណងរាប់លានដុល្លារ ទៅដល់ប្រជាជនកូរ៉េខាងត្បូង ឡើងតុលាការយុត្តិធម៌អន្តរជាតិ ខណៈកាលបរិច្ឆេទក្នុងការស្វែងអាជ្ញាកណ្ដាល នឹងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ។

កាលពីឆ្នាំ​២០១៨ តុលាការកំពូលកូរ៉េខាងត្បូងបានបង្គាប់ឲ្យក្រុមហ៊ុនជប៉ុនចំនួន ០២ បង់ប្រាក់សំណងដល់ប្រជាជនកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឲ្យធ្វើការដោយគ្មានប្រាក់ខែ នៅតាមរោងចក្ររបស់ក្រុមហ៊ុនទាំងពីរនេះ ក្នុងសម័យសង្រ្គាមលោកលើកទី២ ។ ប៉ុន្តែទីក្រុងតូក្យូបានចាត់ទុកការសេចក្ដីសម្រេចនេះ គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ ដ្បិតបញ្ហាផ្ដល់សំណងនេះត្រូវបានភាគីទាំងពីរ ផ្សះផ្សាគ្នាតាំងតែពីឆ្នាំ១៩៦៥ មកម្ល៉េះ ។

បន្ថែមពីលើនេះ ដោយសារតែជម្លោះនេះដែរ ទីក្រុងកូត្យូបានសម្រេចចិត្តរឹតត្បិតការនាំចេញ វត្ថុធាតុដើមសំខាន់ៗសម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទដៃស្មាតហ្វូន កាលពីពេលថ្មី នេះដល់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង ។ ដោយឡែក បើតាមសារព័ត៌មានជប៉ុន NHK ទីក្រុងតូក្យូ និងបន្តជម្រុញឲ្យកូរ៉េខាងត្បូងបញ្ចប់ជម្លោះនេះ ប៉ុន្តែបើនៅតែគ្មានដំណោះស្រាយ នោះជប៉ុនអាច និងចាត់វិធានការតបត ក្នុងនោះមានរួមទាំងការដាក់ពាក្យប្ដឹងឡើងតុលាការយុត្តិធម៌អន្តរជាតិ ស្របពេលដែល កាលបរិច្ឆេទក្នុងការស្វែងអាជ្ញាកណ្ដាល និងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ ៕


ចែករំលែក៖