ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងអាមេរិក និងតួកគី ប្រឈមមុខតានតឹង កាន់តែខ្លាំង ដោយសារតែ​ S-400

ចែករំលែក៖

តួកគីជាប្រទេសសមាជិកណាតូតែមួយគត់ ដែលបានទិញអាវុធពីប្រទេសរុស្ស៊ី បើទោះបីរងការគំរាមកំហែងពីអាមេរិកក្តី​ ។ កន្លងមក ប្រធានាធិបតីតួកគី បានប្រកាសថា ណាតូគួរតែមានមោទនភាព ពេលប្រទេសជាសមាជិករបស់ខ្លួន មានអាវុធដ៏ទំនើបពីរុស្ស៊ី បែបនេះ ។

រដ្ឋាភិបាអាមេរិក ខឹងសម្បាយ៉ាងខ្លាំង ដល់កា រសម្រេចខាងលើរបស់តួកគី មិនខ្វល់ពីការព្រមាន របស់អាមេរិក ។ នៅពេលនេះដែរសហរដ្ឋអាមេរិក ចាប់ផ្ដើមដកតួកគីចេញពីកម្មវិធីអភិវឌ្ឍ F-35 ក្រោយទទួលបានប្រព័ន្ធ មីស៊ីលរុស្ស៊ី S-400 ។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី​១៨ខែកក្កដាបានផ្សាយថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងចាប់ផ្ដើមដំណើរការនីតិវិធីដកតួកគី ចេញពីកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងបំបាំងកាយ F-35 ហើយ បន្ទាប់ពីទីក្រុងអង់ការ៉ា ទទួលបានប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ។

បរិក្ខានៃប្រព័ន្ធមីស៊ីល S-400 ដំបូង ត្រូវបានបញ្ជូនទៅដល់មូលដ្ឋានទ័ព Murted ក្នុងទីក្រុង អង់ការ៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុនមកម្លេះ បើទោះជាមានការព្រមានដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិក ក៏ដោយ ។ ដោយឡែក ជុំវិញការប្រងើយកន្ដើយរបស់តួកគីនេះដែរ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិអាមេរិក លោកស្រី Ellen Lord បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងដៃគូ F-35 ដទៃទៀត បានសម្រេចចិត្តបញ្ឈរជើងតួកគី ពីកម្មវិធីអភិវឌ្ឍ F-35 ជាកិច្ចចាប់ផ្ដើមដំណើរការនិតិវិធីដកតួកគី ចេញពីកម្មវិធីអភិវឌ្ឍនេះជាផ្លូវការ ។

ប៉ុន្តែទន្ទឹមគ្នា ខាងក្រសួងការបរទេសតួកគី ចាត់ទុកថា ការសម្រេចចិត្តនេះ គឺជារឿងអយុត្តិធម៌ ដែល នឹងអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតួកគី ។

គួរជម្រាបថា កាលពីថ្ងៃអង្គារ កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា រដ្ឋបាលរបស់លោក និងមិនលក់យន្តហោះចម្បាំង F-35 ទៅឲ្យ ទីក្រុងអង់ការ៉ាឡើយ បន្ទាប់ពីប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ទើបតែត្រូវបានប្រគល់ទៅដល់ដៃ តួកគី ។

ក្រៅពីតួកគី ដែលជាសមាជិកអង្គការណាតូដែរនោះ ប្រទេសដែលចូលរួមជាមួយអាមេរិកក្នុង កម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំង F-35 រួមមានដូចជា អង់គ្លេស អ៊ីតាលី ហូឡង់ កាណាដា អូស្ត្រាលី ដាណឺម៉ាក ន័រវែស អ៊ីស្រាអែល ជប៉ុន និងកូរ៉េខាងត្បូង ។

នៅពេលនេះដែរ អង្គការណាតូ បានព្រមានថា«កាលកំណត់ជិតមកដល់ហើយ ដូច្នេះគ្រប់គ្នាគួរត្រៀមខ្លួន ព្រោះរុស្ស៊ី និងពង្រាយគ្រាប់មីស៊ីលកាន់តែច្រើន ក្រោយអត់ INF» ។ អគ្គលេខាធិការនៃអង្គការ NATO លោក ហ្សេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បាននិយាយថា ពេលវេលាដើម្បីស្រោចស្រង់សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF រវាងអាមេរិក និងរុស្ស៊ី គឺកាន់តែខើចមែនទែនហើយ ខណៈលោកបានប្រាប់គ្រប់គ្នា ត្រៀមខ្លួនឲ្យហើយទៅជាពិសេសគឺអឺរ៉ុបតែម្តង សម្រាប់កំណើននៃការដាក់ពង្រាយមីស៊ីល កាន់តែច្រើនថែមទៀតពីប្រទេសរុស្ស៊ី ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ។

សន្ធិសញ្ញានុយក្លេអ៊ែរ INF ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ ដោយសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលកាលនោះនៅជាសហភាពសូវៀត ក្រោមគោលដៅហាមឃាត់ការដាក់ពង្រាយ មីស៊ីលបំពាក់នុយក្លេអ៊ែរ ដែលបាញ់បានរយៈចម្ងាយខ្លី ព្រមទាំងមធ្យម ។ ដោយចោទថារុស្ស៊ីរំលោភលក្ខខណ្ឌក្នុងសន្ធិសញ្ញា INF កាលពីខែកុម្ភៈ ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមដំណើរការនីតិវិធីដកខ្លួន ចេញពីសន្ធិសញ្ញានេះ ដែលត្រូវការពេលវេលា០៦ខែ ។ រីឯទីក្រុងម៉ូស្គូដែលច្រានចោលការចោទប្រកាន់នេះ ក៏បានសម្រេចលែងអនុវត្តកាតព្វកិច្ចរបស់ខ្លួន នៅក្រោមសន្ធិសញ្ញា INF ហើយប្រកាសពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធថ្មីៗថែមទៀត ។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន BBC លោក Stoltenberg បានលើកឡើងថា រុស្ស៊ីពិតជារំលោភលើសន្ធិសញ្ញា INF ហើយបានទទូចឲ្យទីក្រុងម៉ូស្គូ ត្រឡប់មកគោរពតាមលក្ខខណ្ឌទាំងអស់ ដូចដើមវិញឲ្យបាននៅទី០២ ខែសីហា ប៉ុន្តែលោក Stoltenberg ក៏បានគំរាមដែរថា បើមិនដូច្នោះទេអង្គការ NATO និងចេញចំណាត់ការលក្ខណៈការពារខ្លួនឆ្លើយតបទៅវិញ ដែលអាចរួមមានការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល និងការពារដែនអាកាសបន្ថែម ក៏ដូចជាការធ្វើសមយុទ្ធយោធាថ្មីៗ និងការពង្រឹងសមត្ថភាពទ័ពជាដើម ។

គួរជម្រាបថា បើតាមលោកអគ្គលេខាធិការអង្គការ NATO មកទល់ពេលនេះ គឺពុំមានសញ្ញាណាមួយ ដែលបង្ហាញថា រុស្ស៊ី និងធ្វើតាមសំណើរបស់លោកឡើយ ដូច្នេះលោកបាននិយាយថា NATO ត្រូវត្រៀមខ្លួនសម្រាប់ពិភពលោក ដែលពុំមានសន្ធិសញ្ញា INF និងមានវត្តមានមីស៊ីលរុស្ស៊ីកាន់តែច្រើន ។

យ៉ាងណាមិញ បើតាមរុស្ស៊ីវិញសហរដ្ឋអាមេរិកឯណោះវិញទេ ដែលជាអ្នកចង់បំផ្លិចបំផ្លាញ សន្ធិសញ្ញានុយក្លេអ៊ែរដ៏សំខាន់មួយនេះ ព្រោះជាអ្នកដើរចេញមុន ហើយហាក់មិនមានចេតនាត្រឡប់ក្រោយវិញឡើយ ។ ទោះជាបែបនេះក្តី លោក Stoltenberg បានគូសបញ្ជាក់ថា ស្ថានការណ៍ និងទៅជាយ៉ាងណាទៀតនោះ គឺត្រូវរង់ចាំមើល ថ្ងៃផុតកំណត់ ថ្ងៃទី០២ សីហា ឆ្នាំ២០១៩ ខាងមុខសិន៕


ចែករំលែក៖