តំបន់កាស្មៀរ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ បើទោះបីរដ្ឋាភិបាលប៉ាគីស្ថាន បានបើកដែនអាកាសឲ្យយន្តហោះដឹកអ្នកដំណើរស៊ីវិលឲ្យហោះហើរឆ្លងកាត់ទីនោះ ឡើងវិញ ។ ប៉ុន្តែការបាញ់ប្រហារគ្នាជាទ្រង់ទ្រាយតូចនៅតែបន្តកើតឡើងរវាងកម្លាំងទាហានការពារព្រំដែនទាំងពីរ ពិសេស គឺការបាញ់ប្រហារគ្នារវាងទាហានឥណ្ឌា និងក្រុមឧទ្ទាមដែលលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន ។
ការបាញ់ប្រហារនោះកើតឡើងនៅភូមិ Gund Brath ឃុំ Sopore ស្រុក Baramulla ចម្ងាយប្រហែល៥២គីឡូម៉ែត្រភាគខាងលិចទីក្រុង Srinagar ដែលជាទីក្រុងរដូវក្តៅ ស្ថិតនៅដែនដីកាស្មៀរ គ្រប់គ្រងដោយភាគីឥណ្ឌា ។
មន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូប ដែលឈរជើងនៅមូលដ្ឋានតំបន់ Sopore បានថ្លែងប្រាប់ប្រភពស៊ីនហួថា «ការផ្ទុះអាវុធបានកើតឡើង កាលពីព្រឹកមិញនេះ រវាងក្រុមឧទ្ទាម និងកងកម្លាំងប៉ារ៉ា និងទាហាននៅតំបន់ Gund Bratha នេះ» ។
មន្ត្រីបានបន្តថា ភូមិមួយនេះ ត្រូវឡោមព័ទ្ធ ក្រោយព័ត៌មានសម្ងាត់ដ៏ជាក់លាក់ថា ក្រុមឧទ្ទាមកំពុងមានវត្តមាន ។ ប៉ូលិសបន្តថា «ការបាញ់ប្រហារទៅវិញទៅមករវាងភាគីទាំងពីរកំពុងប្រព្រឹត្តទៅ ហើយព័ត៌លម្អិត គឺរង់ចាំបន្តិចសិន» ។
អាជ្ញាធរបានកាត់ផ្តាច់សេវាអ៊ីនធើណេតបណ្តោះអាសន្ននៅទូទាំងស្រុកខាងលើ និងបិទផ្លូវចរាចរណ៍ឆ្លងកាត់ទៅកាន់ទីតាំងបាញ់ប្រហារ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា សាលារៀន និងគ្រឹះស្ថានអប់រំក្នុងតំបន់ត្រូវបិទទ្វារ ដែលជាវិធានការការពារឲ្យបានមុន ៕