ព័ត៌មានទាន់ហេតុការណ៍៖

តំបន់អាស៊ី ប្រឈមទាំងគ្រោះទឹកជំនន់ និងរាំងស្ងួត

ចែករំលែក៖

តំបន់អាស៊ីភាគខាងត្បូង ក្នុងនោះមានឥណ្ឌា បង់ក្លាដេស នេបាល់ ជាដើមប្រឈមនឹងគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ​ បណ្តាលឲ្យពលរដ្ឋរាប់សិបនាក់ស្លាប់ និង ពលរដ្ឋជាង ​២លាននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។

ជាមួយគ្នានេះប្រទេសមួយចំនួន ដូចជាស្រីលង្កា បែរជាប្រឈមនៅគ្រោះរាំងស្ងួត ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ប្រមាណជាង ៥០ម៉ឺននាក់ ។ មជ្ឈមណ្ឌលគ្រប់គ្រង គ្រោះមហន្តរាយស្រីលង្កា (DMC) កាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីចំនួនមនុស្ស ដែលទទួលផលប៉ះពាល់ ដោយអាកាសធាតុរាំងស្ងួត ហួតហែងធ្ងន់ធ្ងរ នៅទូទាំងប្រទេស បានកើនឡើងដល់ ជាង៥៥០,០០០នាក់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ, DMC បានលើកឡើងថា គិតត្រឹមរសៀលថ្ងៃពុធនេះ មនុស្សចំនួន៥៦៧,៦៦២នាក់ មកពី ១៥៩,១២៣គ្រួសារ បានរងផលប៉ះពាល់ ដោយអាកាសធាតុរាំងស្ងួត និងហួតហែងគ្មានភ្លៀងធ្លាក់ ហើយអ្វីដែលចាំបាច់ត្រូវធ្វើនោះ គឺផ្តល់ទឹកស្អាតឲ្យពួកគេប្រើប្រាស់ ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ លោក Pradeep Kodippili បានឲ្យដឹងថា ក្រុមមន្ត្រីបាន និងកំពុងបញ្ជូនរថយន្តដឹកទឹក ទៅកាន់តំបន់រងគ្រោះ ដើម្បីផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋប្រើប្រាស់៕


ចែករំលែក៖