ព័ត៌មានទាន់ហេតុការណ៍៖

អាងខ្នងធំហើយមើលទៅ បានជាលោក ឈឿន ប៊ុនធឿន ធ្វើសកម្មភាពបំពានការណែនាំរបស់អាជ្ញាធរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ទំនងជាអាងខ្នងធំហើយមើលទៅ ទើបបានជាថៅកែរណ្តៅដីមួយរូប នៅតែគឃ្លើនជីក និងដឹកដីយ៉ាងរំភើយបើទោះជាមានការចេញលិខិតផ្លូវការរបស់មន្ទីរ រ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ សម្រេចឲ្យផ្អាកអាជីវកម្មរណ្តៅដីក៏ដោយ ក៏លោក ឈឿន ប៊ុនធឿន ដែលជាម្ចាស់ទីតាំងនៅតែបន្តសកម្មភាពជីក និងដឹកដីលក់យ៉ាងគគ្រឹកគគ្រេងដោយរលូនដដែល ។

យោងតាមលិខិតលេខ០១៥ រថ.កស ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក ប៊ិញ ជីវតុង ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ ដែលអគ្គនាយកដ្ឋានក្រសួងធនធានរ៉ែ និងថាមពល បានតម្រូវឲ្យលោក ឈឿន ប៊ុនធឿន បញ្ឈប់សកម្មភាពធ្វើអាជីវកម្មជីកយកអាចម៍ដី នៅក្នុងទីតាំងភូមិបាញ់កង្កែប ស្ថិតឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាបន្ទាន់ ដោយជំនាញរកឃើញថាអាជីវកម្មនេះមិនទាន់មានច្បាប់អនុញ្ញាត (អាជ្ញាបណ្ណ) ត្រឹមត្រូវពីក្រសួង រ៉ែ និងថាមពល និងមិនទាន់មានអាជ្ញាប័ណ្ណអាជីវកម្មពីសាលាខេត្តកំពង់ស្ពឺនៅឡើយ ។

ទោះជាប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ បានចេញលិខិតឲ្យថៅកែឈ្មោះ ឈឿន ប៊ុនធឿន បញ្ឈប់សកម្មភាពអាជីវកម្ម ក៏ដោយក៏មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា លោក ឈឿន ប៊ុនធឿន នៅតែធ្វើសកម្មភាព ជីក និងដឹកអាចម៍ដីលក់យ៉ាងរំភើយ ដោយមិនញញើតចំពោះការណែនាំរបស់អាជ្ញាធរជំនាញនោះទេ ។

ប្រជាពលរដ្ឋ បានរាយការណ៍មកថា រាល់ថ្ងៃលោក ឈឿន ប៊ុនធឿន ជាថៅកែ មិនបានមកគ្រប់គ្រង់ការជីកអាចម៍ដីផ្ទាល់នោះទេ ដោយមានមន្ត្រីយោធាម្នាក់ឈ្មោះ ចន្ថា ហៅ ម៉ៅ ជាមេការ ។

រាល់ថ្ងៃគេឃើញមានរថយន្តធន់ធំ កង់១០ បានដឹកអាចម៍ដីចេញពីទីតាំងរណ្តៅដីខាងលើ ដោយបើកកាត់ខ្នងប្រឡាយលោកតាហោ ក្នុងល្បឿនលឿនៗ មិនមានការគ្រប់ត្រឹមត្រូវ និងបង្កជាធូលីហុយពេញភូមិព្រៃគុយ និងភូមិបាញ់កង្កែប ស្ថិតឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រជាពលរដ្ឋ បានបន្ថែមថា បើអាជ្ញាធរនៅតែបណ្តែតបណ្តោយឲ្យលោក ឈឿន ប៊ុនធឿន និងលោក ចន្ថា ហៅ ម៉ៅ អាចរកស៊ីគ្មានច្បាប់ និងមិនគិតពីប្រយោជន៍ប្រជាពលរដ្ឋបែបនេះ គឺខ្នងប្រឡាយតាហោ ប្រាកដជាខ្ទេចខ្ទីអស់ ហើយសុខភាពរបស់ពួកគាត់ក៏ខូច ដោយតែធូលីដីហុយបង្កឡើងដោយរថយន្តដឹកដីទាំងនោះជាក់ជាមិនខាន ។

ប្រជាពលរដ្ឋ បានបន្តឲ្យដឹងទៀតថា លោក ឈឿន ប៊ុនធឿន និងលោក ចន្ថា ហៅ ម៉ៅ ជីកយកអាចម៍ដីដឹកយកទៅលក់ឲ្យឈ្មួញរកស៊ីដី ដើម្បីចាក់លុបនៅម្តុំផ្សារថ្នល់ទទឹង ។

ជុំវិញករណីនេះ លោក ស៊ឹម រតនៈ អភិបាលស្រុកសំរោងទង បានទទួលស្គាល់ថាលោកដឹងថា ថៅកែ ឈឿន ប៊ុនធឿន ពិតជារកស៊ីជីករណ្តៅយកអាចម៍ដីលក់គ្មានច្បាប់ក្នុងដែនដីក្រោមការគ្រប់គ្រងរបស់លោកមែន ដោយលោកអភិបាលស្រុកប្រាប់ អ្នកពត៌មាន ថា «ចំពោះករណីនេះ ខ្ញុំបានដឹងថា ម្ចាស់រណ្តៅកំពុងរត់ការច្បាប់អនុញ្ញាតនៅច្រកចេញចូលតែមួយរបស់ខេត្ត ។ ចំពោះការត់ដឹកលើប្រឡាយនេះសូមសួរទៅខាងមន្ទីរធនធានទឹក ។ »

យោងតាម សារាចរ ស្តីពី វិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ លេខ០៣១០ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ របស់ក្រសួង រ៉ែ និងថាមពល បានណែនាំឲ្យម្ចាស់អាជីវកម្មដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ ដែលដឹកចេញបពីការដ្ឋាន ឬដេប៉ូ មិនត្រូវឲ្យលើសទ្រង់រថយន្ត និងមានការគ្របកៅស៊ូឲ្យបានជិត ចៀសវាងការធ្លាក់លើផ្លូវ ។ ចំណែកផ្លូវដែលខ្លួនដឹកកាត់ត្រូវតែចូលរួមថែរក្សា ស្រោចទឹក និងជួសជុល ចៀសវាងការបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ៕ សេនាស័ក្តិ


ចែករំលែក៖