ខេត្តកណ្ដាល៖ យុវជនម្នាក់ យកខ្សែក្រវាត់ វាយទៅលើយុវជនម្នាក់ទៀត បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ព្រោះខឹងយុវជនរងគ្រោះពុំឲ្យទៅលក់ល្ហុងជាមួយ នៅរាជធានីភ្នំពេញ ។ ករណីខាងលើនេះ កើតឡើងនៅវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកតាប្រាក់ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធូ សុខថេត ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ.មិនពិប្រាកដ រីឯជនរងគ្រោះឈ្មោះ នាង សំណាង ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនរងគ្រោះ និងជនសង្ស័យមានទីលំនៅភូមិ/ឃុំកើតហេតុ ។ ចំណែកវត្ថុតាងដកហូតបានមាន៖ខ្សែក្រវាត់ ពណ៌ខ្មៅ ក្បាលធ្វើអំពីដែកចំនួន០១ និងមួកសុវត្តិភាពចំនួន០១(បែក) ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី ជនរងគ្រោះ បានមកពីទិញល្ហុងនៅឯភូមិទួលស្ពឺ វិញ ស្រាប់តែជនសង្ស័យ ឃើញ ក៏សុំជនរងគ្រោះទៅលក់ល្ហុងនៅភ្នំពេញដែរ តែជនរងគ្រោះមិនឲ្យទៅទេ ព្រោះល្ហុងតិចពេក ។ លុះដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងកើតខាងលើ ជនរងគ្រោះបានបើករ៉ឺម៉កដឹកអីវ៉ាន់ចេញពីផ្ទះទៅលក់នៅភ្នំពេញ ខណៈមកដល់ត្រឹមមុខផ្ទះឈ្មោះ តាកនជនសង្ស័យក៏បានដោះខ្សែក្រវាត់វាយទៅលើជនរងគ្រោះជាច្រើន បណ្តាលឲ្យបែកមួកសុវត្តិភាពចំនួន១ និងរងរបួសហើមខ្នងជើងខាងឆ្វេង ។ លុះដល់វេលាម៉ោង៧ និង០០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលតាលន់ ដើម្បីចាត់ការតាមច្បាប់ ។
បន្ទាប់ពីកម្លាំងប៉ុស្តិ៍ទទួលបានពាក្យបណ្ដឹងហើយ ក៏ឃាត់ខ្លួនជនសង្ស័យ យកមកអធិការនគរបាលស្រុក ចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ