ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចម៉ូតូរបស់នគរបាលនៅក្នុងប៉ុស្តិ៍ ខណៈសមត្ថកិច្ច សម្រាកពីល្បាតចូលបន្ទប់ទឹកកាលវេលាម៉ោងរំលងអធ្រាត្រថ្ងៃទី ១៨ កក្កដា ២០១៩ នៅចំណុច ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី១ឈ្មោះ ផាន់ វិរះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត និងស្នាក់នៅ មិនពិតប្រាកដ (ឃាត់ខ្លួនថ្ងៃទី១៨ កក្កដា ២០១៩) ។ ជនសង្ស័យទី២ ឈ្មោះ ហូ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់) ។ ជនសង្ស័យទី៣ឈ្មោះ លៀង ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់) ។ ជនសង្ស័យទី៤ឈ្មោះ ម៉ី ភេទប្រុស អាយុប្រហែល ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់) ។ ជនសង្ស័យ៥ឈ្មោះ ពី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់) ។
រីឯជនរងគ្រោះឈ្មោះ អឿន សារ៉ុម ភេទប្រុសអាយុ៣៣ ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី២ មានទីលំនៅ ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរី២០១៣ មានលេខតួ និងលេខម៉ាស៊ីន 8805691 ពាក់ស្លាកលេខ កំពត 1D -0450 ។
សមត្ថកិច្ចបានឲដឹងថា ជនសង្ស័យមានគ្នា ចំនួន៥នាក់ ជិះម៉ូតូម៉ូតូ២គ្រឿង មួយ ម៉ូតូម៉ាកស៊ុយស៊ិគីឡេត ពណ៌ស មិនចាំស្លាកលេខ និង ម៉ូតូម៉ាកហុងដា អាយខុន ពណ៌លឿង លាយស មិនចាំស្លាកលេខ មិនស្គាល់ ស៊េរី (ជនសង្ស័យ៤នាក់ជិះគេចខ្លួនបាត់អស់) ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុកម្លាំងបានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ហើយបានចូលមកប៉ុស្តិ៍វិញ បន្ទាប់មកចូលបន្ទប់ទឹកដោយទុកម៉ូតូមុខប៉ុស្តិ៍ស្រាប់តែជនសង្ស័យមកធ្វើសកម្មភាពលួចយកទៅបាត់ពេលចេញមកវិញ ទើបដឹងថា បាត់ម៉ូតូហើយបានជិះស្វែងរករហូតជួបទើបឃាត់ខ្លួនម្នាក់ និងម៉ូតូមកវិញចំណែកបក្ខពួករត់គេចខ្លួនបាត់អស់ ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ