ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជូនដំណើរ សាសនិកឥស្លាម ១០០នាក់ទៅប្រារព្ធពិធីបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានជូនដំណើរ បងប្អូនសាសនិកឥស្លាម ១០០នាក់ ចេញដំណើរទៅប្រារព្ធពិធីបុណ្យហាជ្ជីសាសនា ឥស្លាម នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ។ ការចេញដំណើរនេះនឹងមានជាបន្តបន្ទាប់ រហូតដល់ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ខណៈមកដល់ពេលនេះ មានអ្នកចេញដំណើរជាង២០០នាក់ ហើយ ។ ពិធីជូនដំណើរនេះ បាន ប្រព្រឹត្ដទៅកាលពីថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២១ កក្ដដា ឆ្នាំ២០១៩ នៅអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ ។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី បានអោយដឹងថា៖ ឆ្នាំនេះ កម្ពុជាមាន អ្នកទៅធ្វើបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ១២១០នាក់ ចំណាយថវិកាប្រមាណ៤៨000 00 ដុល្លារអាមេរិក ។

លោក បន្តថា៖ ឆ្នាំនេះ បងប្អូនបានចុះឈ្មោះជិត១៥០០នាក់ តែដោយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលយើង ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ បានអនុគ្រោះដោយបានកំណត់អោយដល់ទៅ ១២00នាក់ ដោយមិនទាន់កំណត់កូតា បើតាមការកំណត់កូតា កម្ពុជាយើងមានប្រមាណតែជាង ៦00នាក់ប៉ុណ្ណោះ ។ យើងទទួលបានទិដ្ឋាការរួចហើយ ១១២0នាក់ នៅសល់តែ៩0នាក់ និងដោះស្រាយបន្ត ។ បងប្អូនដែលទទួលបានការឧបត្ថម្ភ ចំនួន ២0នាក់ រួមមាន​ ស្តេចសាល់ម៉ាន ព្រះមហាក្សត្រ អារ៉ា ប៊ីសាអ៊ូឌីត បានឧបត្ថម្ភ១0នាក់ ជាភ្ញៀវរបស់ ព្រះអង្គ(ម្នាក់ចំណាយជិត ១0,000 ដុល្លារ) សប្បុរសជនតាមរយៈស្ថានទូត អារ៉ាប់ រួមអេមីរ៉ាត៦នាក់ លោកកែវ រតនៈ ប្រធានរដ្ឋាករ ស្វាយត័អគិសនីកម្ពុជា ចំនួន២នាក់ និងសមាគមពិភព នៃក្ដីមេត្តាចំនួន ២នាក់ ។

សូមបញ្ជាក់ថា៖ ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែល ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណ៣លានអ្នក អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ។ នៅឆ្នាំ២០១៩នេះ ពិធីបុណ្យ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា រយៈពេលមួយសប្តាហ៍ សម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕ សំរិត

 


ចែករំលែក៖