ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយអេហ្ស៊ីប ដាក់ប្រទេសក្នុងគ្រាអាសន្នបន្ថែម​៣ខែទៀត ក្រុមហ៊ុន British Airways ផ្អាកជើងហោះហើរទៅទីនោះ

ចែករំលែក៖

នៅពេលនេះ ក្រុមហ៊ុនអាកាសចរណ៍​របស់អង់គ្លេស បានសម្រេចផ្អាកជើងហោះហើរ ទៅកាន់​ប្រទេសអេហ្ស៊ីប ជាបណ្តោះអាសន្ន ដោយខ្លាចមានបញ្ហាកើតឡើង​ក្រោយ រដ្ឋាភិបាលអេហ្ស៊ីប បន្តដាក់ប្រទេសនៅក្នុងគ្រាអាសន្នបន្ថែម​៣ខែទៀត ។

កាលពីថ្ងៃទី​២១ ខែកក្កដា British Airways ប្រកាសតាមរយៈសំបុត្រជាច្រើន ផ្ញើជូនអតិថិជន និងអ្នកដំណើររបស់ខ្លួន ។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតឡើយ ហើយក៏មិនទាន់មានសេចក្ដីថ្លែង ការណ៍ផ្លូវការណ៍ណាមួយពីក្រុមហ៊ុនអាកាសចរណ៍មួយនេះដែរ ។

គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa កាលពីថ្ងៃសៅរ៍ ក៏បានសម្រេចចិត្ត ដូច British Airways ផងដែរ ។ តែបើតាមអ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុននេះ ជើងហោះហើរ ទៅកាន់ទីក្រុងគែរ នឹងដំណើរការឡើងវិញនៅថ្ងៃអាទិត្យនេះ ។

កន្លងមកថ្មីៗ ប្រធានាធិបតីអេហ្ស៊ីប លោកAbdel Fattah Sisi បានចុះហត្ថលេខាលើ​​ក្រឹត្យ​មួយ​ ដាក់​ប្រទេស​ស្ថិតនៅក្នុងគ្រាអាសន្ន​ចំនួន​៣ខែ​បន្ថែមទៀត ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ​អេហ្ស៊ីប​បានផ្សាយ ។ ការសម្រេចចិត្ត​របស់លោកប្រធានាធិបតីបែបនេះ ត្រូវគេរាយការណ៍​ថា ទទួលការយល់ព្រម​ពីសភាជាតិ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះតទៅ ។

ក្រឹត្យ​នោះ​បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ និងប៉ូលិស មានសិទ្ធិគ្រប់យ៉ាង​​ប្រយុទ្ធប្រឆាំង​​ក្រុមភេរវកម្ម និងបណ្តាញហិរញ្ញវត្ថុរបស់ក្រុមភេរវកម្ម ព្រមទាំង​ការពារ​អាយុជីវិត និងទ្រព្យសម្បត្តិ​ផលប្រយោជន៍​ជាតិ ។ សារព័ត៌មាន MENA ផ្សាយ​បែបនេះ​កាលពី​ព្រលប់ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ។

ការប្រកាសដាក់រដ្ឋ​ស្ថិតនៅគ្រាអាសន្ន​របស់អេហ្ស៊ីប បានចាប់ផ្តើម​នៅក្នុងខែមេសា ឆ្នាំ២០១៧មកម្ល៉េះ ក្រោយការវាយប្រហារភេរវកម្ម​ទៅលើព្រះវិហារគ្រឹស្ទ​ នៅតាមទីក្រុងទាំងឡាយដូចជានៅទីក្រុង Tanta ហើយនិងទីក្រុង Alexandria សម្លាប់មនុស្សជាង​៥០នាក់ និងរបួស​១០០នាក់ ។

ក្រុមឧទ្ទាមអិស្លាមជ្រុលនិយម បានគោលដៅយូរអង្វែង​ទៅលើកងកម្លាំងសន្តិសុខ​ក្នុងប្រទេសអេហ្ស៊ីប ជាពិសេស​នៅ​ឧបទ្វីប​ Sinai តែម្តង ។ រដ្ឋាភិបាលអេហ្ស៊ីប​បាន​ធ្វើប្រតិបត្តិការ​ទ្រង់ទ្រាយធំ​នៅតំបន់ North Sinai ប៉ុន្មានឆ្នាំមកហើយ​ដើម្បីកម្ចាត់​បោសសម្អាតពួក​ប្រដាប់អាវុធ ដោយ​សម្លាប់ និងចាប់ខ្លួនមនុស្សរាប់រយនាក់ ។

ថ្មីៗបំផុតនេះ ការវាយប្រហារគ្រាប់បែកអត្តឃាតមួយ​កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ហើយដែលគេរាយការណ៍ថា បណ្តាលឲ្យស្លាប់ទាហានម្នាក់​ផងដែរ ក្នុងការវាយប្រហារ​មកលើកងកម្លាំងសន្តិសុខរដ្ឋាភិបាល​ស្ថិតនៅតំបន់ North Sinai ។ កាលណោះ បុរសម្នាក់ពាក់គ្រាប់បែក សម្រុកចូលកាន់ទីតាំង​សន្តិសុខ​ នៅជិតទីក្រុង Sheikh Zuweid បង្ខំឲ្យប៉ូលិស​បើកការបាញ់ប្រហារ​បានមុន ។ ក្រុមភេរវកម្ម Daesh បានប្រកាស​ទទួលស្គាល់ការវាយប្រហារគ្រាប់បែកនោះ ៕


ចែករំលែក៖