សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែកក្កដា បានផ្សាយថា ក្រោយរយៈពេលជាច្រើនខែកន្លងមក ដែលអាមេរិក មិនមានរដ្ឋមន្ត្រីការពារជាតិជាផ្លូវការ ។ នៅពេលនេះ អាមេរិក លោក Mark Esper បានស្បថចូលកាន់តំណែងហើយ ។ ការចូលកាន់តំណែងរបស់លោក កើតឡើងក្នុងពេលដែលអាមេរិក កំពុងប្រឈមមុខតានតឹង ជាមួយអ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា ។
លោក Mark Esperអតីតទាហានអាមេរិក បានស្បថចូលកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិអាមេរិកជាផ្លូវការហើយ នៅថ្ងៃ២៤ ខែកក្កដានេះ ក្រោយត្រូវបានព្រឹទ្ធសភា អាមេរិកបោះឆ្នោតទទួលស្គាល់ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ។
លោក Mark Esper បានស្បថចូលកាន់តំណែងនៅឯសេតវិមាន ចំពោះមុខចៅក្រមតុលាការ កំពូលអាមេរិក លោក Samuel Alito ក្រោមការចូលរួមផងដែរពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងតំណាងរាស្ត្រមួយចំនួននៃគណបក្សសាធារណរដ្ឋ ។ លោក Esper ត្រូវបានព្រឹទ្ធសភា បោះឆ្នោតគាំទ្រក្នុងសំឡេង ៩០ ទល់នឹង៨ ហើយការទទួលស្គាល់នេះបានធ្វើឱ្យលោកក្លាយជា ប្រមុខមន្ទីរបញ្ចកោណជាអចិន្ត្រៃយ៍លើកដំបូងបំផុត ចាប់តាំងពីលោក Jim Mattis លាលែង ចេញពីតំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ មក ។
គួរបញ្ជាក់ថា លោក Mark Esper មានអាយុ៥៥ឆ្នាំ បានឡើងកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី ជំនួសលោក Patrick Shanahan ដែលបានលាលែងចេញពី តំណែងកាលពីខែមិថុនា កន្លងទៅ ។ ប៉ុន្តែ លោក Esper នៅមានការងារធំៗជាច្រើន កំពុង រង់ចាំរូបលោកដោះស្រាយ ជាពិសេសគឺភាពតានតឹងជាអ៊ីរ៉ង់តែម្ដង ៕