ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូន ជនសង្ស័យ ចំនួន១៧នាក់ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា ទៅកាន់តុលាការ ។ ករណីទី១៖ លួចចំនួន៦នាក់ ករណីទី២៖ បំផ្លិចបំផ្លាញចំនួន១នាក់ ករណីទី៣៖ រក្សាដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ និងករណីទី៤៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៩នាក់ ។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង១៧នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង ។ ជនសង្ស័យទាំង១៧នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង ។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ តុង សីហា