ខេត្តសៀមរាប៖ ឃ្លាំងលាយផ្សំ វេចខ្ចប់ ជីកសិកម្មគ្មានច្បាប់អនុញ្ញាតមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ឌិន កែវ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងជំនាញ នៃមន្ទីរកសិកម្មខេត្ត ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូង ឆែកឆេរកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង២៥រសៀល ដែលស្ថិតនៅទីតាំងដីឡូត៍ មួយកន្លែង ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថាក្នុងការឆែកឆេរនោះសមត្ថកិច្ចចម្រុះ បានរកឃើញវត្ថុតាងមាន៖ ១.ជីទឹក -ជីទឹកលាយរួច (rootgrow)= 104កេស=2.08 T , - ជីទឹកលាយរួច (aminovango)= 20កេស= 0.6T , -មេជីទឹកមិនទាន់ច្រក=61ធុង=12.2T ,-សំបកដបមិនទាន់ច្រក1L=8400ដប , -សំបកដបមិនទាន់ច្រក5L=1200ដប ,-សំបកកេស=1520កេស ។ ២.ជីគោក -ជីគោក ជាជីកំបុសមិនទាន់សម្រេច=227ការ៉ុង=5.695T ,-ជីច្រកការ៉ុងរួចម៉ាក(famous organic)=10ការ៉ុង=5T ,-សំបកការ៉ុងបោះពុម្ព រួចសំរាប់ច្រកជីមានចំនួន5200សំបក ។ ៣.ម៉ាស៊ីនសម្រាប់លាយផ្សំវេចខ្ចប់ និងផលិតជីកសិកម្ម មានចំនួន០៨គ្រឿង ។
ចំពោះវត្ថតាងទាំងអស់ខាងលើត្រូវបានសមត្ថកិច្ចចម្រុះ ធ្វើកំណត់ហេតុ ឃាត់ទុកក្នុងឃ្លាំង និងបិទទីតាំងបណ្តោះអាសន្នហើយធ្វើកិច្ចសន្យាឲ្យម្ចាស់ចូលខ្លួនទៅកាន់មន្ទីរកសិម្មខេត្ត ដើម្បីអនុវត្តទៅតាមនិតិវិធីនៃ ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ៕ ប៊ុនរិទ្ធី