ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក មិនឈប់ធ្វើសមយុទ្ធ កូរ៉េខាងជើងបន្តបាញ់មីស៊ីលពីរគ្រាប់ទៀត

ចែករំលែក៖

សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានផ្សាយថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ហើយនេះជាការធ្វើតេស្ដ មីស៊ីលជាលើកដំបូងបំផុត ក្រោយលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមព្រៀងចាប់ផ្ដើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ។

ជាមួយគ្នានោះដែរ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពី តំបន់មួយក្បែរទីក្រុង Wonsan ដោយវាហោះបានចម្ងាយ៤៣០គីឡូម៉ែត្រ និងហោះ ដល់រយៈកម្ពស់៥០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន ។ តែភ្លាមៗ ទីក្រុងវ៉ាស៊ីនតោន មិនទាន់អត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈមន្ត្រីយោធា អាមេរិកបានទទួលដំណឹងពីការធ្វើតេស្ដមីស៊ីលនេះហើយ ។

ប្រភពមួយពីរដ្ឋាភិបាលជប៉ុន ត្រូវ​សារព័ត៌មានក្យូដូ​ដកស្រង់ចុះផ្សាយថា អាវុធនោះ គឺជាប្រព័ន្ធមីស៊ីល​បាល្លីស្ទិករយៈចម្ងាយខ្លី ។ នាយសេនាធិការរួមកូរ៉េខាងត្បូង​​បានកំណត់ហេតុថា អាវុធដែលមិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានបាញ់​មួយគ្រាប់ នៅវេលាម៉ោង៥ និង៣៤នាទី​ព្រឹក និងមួយ​គ្រាប់ទៀត​ បាញ់នៅម៉ោង៥ និង៥៧នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ហើយអាវុធនោះ​ហោះបានចម្ងាយប្រហែល​៤៣០គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលក្នុងសមុទ្រ​ជប៉ុន ។

សូមបញ្ជាក់ថា ការបាញ់មីស៊ីលថ្មីៗបំផុតរបស់កូរ៉េខាងជើង ធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។ កាលណោះ កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ ដោយមួយគ្រាប់​បាញ់មុន៩នាទី និងមួយគ្រាប់ទៀតបាញ់ក្រោយ៩នាទី ចន្លោះពេលដែលអាមេរិកបាញ់សាកល្បងមីស៊ីលបាល្លិស្ទិក​ឆ្លងទ្វីប Minuteman III (ICBM) របស់ទីក្រុងវ៉ាស៊ីនតោន ៕


ចែករំលែក៖