ការដាច់ភ្លើងនៅទូទាំងប្រទេសវេណេហ៊្សុយអេឡា នាពេលកន្លងមក បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ សេវាកម្មសាធារណៈនៅទូទាំងប្រទេសត្រូវជាប់គាំងទាំងស្រុង ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ។
នៅពេលនេះ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានអះអាងកាលពីថ្ងៃពុធម្សិលមិញថា ការដាច់ចរន្តអគ្គីសនីស្ទើរតែពាស់ពេញផ្ទៃប្រទេស កាលពីថ្ងៃចន្ទ ដើមសប្តាហ៍មុននេះ គឺជាលទ្ធផលនៃការវាយប្រហារ ផ្នែកប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ខណៈការចោទប្រកាន់នេះ ទំនងគឺចង់សំដៅទៅសហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយរឿងនេះ ។ នេះបើយោងតាម សារព័ត៌មានស៊ិនហួរ ចុះផ្សាយនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ។
លោក ម៉ាឌូរ៉ូ បានកត់សំគាល់យ៉ាងដូច្នេះថា «យើងបានទទួលរងការវាយប្រហារ តាមប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយខ្ញុំនឹងបង្ហាញជូនដល់សាធារណៈជនវេណេស៊ុយអេឡា នៅប៉ុន្មានម៉ោងក្រោយទៀតនេះ នូវលទ្ធផលនៃការស៊ើបអង្កេតទាំងស្រុង អំពីប្រភេទនៃការវាយប្រហារថា តើការវាយប្រហារនេះកើតឡើងរបៀបណា និងកើតចេញពីណា» ។ លោកក៏បានបន្ថែមទៀតថា វាគឺទង្វើរបស់ពួកចក្រពត្តិអាមេរិក ដែលចង់បំផ្លាញប្រទេសវេណេស៊ុយអេឡាយើង ប៉ុន្តែយើងសូមបញ្ជាក់ថា ពួកគេមិនអាចធ្វើទៅរួចបានទេ ។
គួរបញ្ជាក់តាមលោក ម៉ាឌូរ៉ូ ថាវាមិនមែនជាការវាយប្រហារលើកដំបូង មកលើប្រព័ន្ធចរន្តអគ្គិសនីជាតិ វេណេស៊ុយអេឡា ដែលទើបតែកើតមានថ្មីៗនេះទេ ប៉ុន្តែអ្វីដែលខុសប្លែកនៅពេលនេះ គឺសត្រូវរបស់វេណេស៊ុយអេឡាបានផ្តាច់ប្រព័ន្ធអគ្គិសនីម្តងទៀត ដែលយើងបាន និងកំពុងស្តារស្ថិរភាពឡើងវិញនោះ ។ លោក ម៉ាឌូរ៉ូ ក៏បានថ្លែងអំណរគុណដល់ប្រជាជនវេណេស៊ុយអេឡា ចំពោះការសហការ និងការអត់ធ្មត់របស់ពួកគេ ដើម្បីឆ្លើយតបទៅការវាយប្រហារនេះ៕