ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ានម៉ាប្រឈម និងគ្រោះទឹកជំនន់ ពលរដ្ឋរាប់សិបពាន់នាក់រងផលប៉ះពាល់

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់វាយប្រហារប្រទេស មីយ៉ានម៉ាជាទ្រង់ទ្រាយធំ ជនលិចតំបន់ជាច្រើន នៅក្នុងប្រទេសនេះ ។ ផ្ទះសម្បែងប្រមាណជិត ១ម៉ឺនខ្នង រងផលប៉ះពាល់ ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយមីយ៉ានម៉ា​បានឲ្យដឹងថា ទឹកជំនន់​បាន និងកំពុងវាយប្រហារ​នៅក្នុងតំបន់ និងរដ្ឋសរុប​៨​ ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយលំនៅឋានប្រជាពលរដ្ឋជាង​៩០០០​ខ្នង​ប្រឈម​នឹងទឹកលិច មនុស្ស​​រាប់សិបពាន់នាក់​ជម្លៀសខ្លួន​ទៅរកទីសុវត្ថិភាព ។

ប្រភពព័ត៌មានស៊ីនហួ​ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានផ្សាយ​ដោយដកស្រង់​ប្រភពពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​របស់មីយ៉ាន់ម៉ា​បញ្ជាក់ថា បញ្ហាគ្រោះទឹកជំនន់នេះ បាន និងកំពុងគំរាមកំហែង​លិចលង់​តំបន់ និងរដ្ឋ​ចំនួន​៨​ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បង្ខំឲ្យមនុស្ស​រស់នៅក្នុងផ្ទះជាង​៩៤២០​ខ្នង ត្រូវភៀសខ្លួនទៅរកទីសុវត្ថិភាព ។ ទឹកជំនន់នៅពេលនេះ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់​អំឡុងពេលថ្មីៗនេះ ។

តំបន់ និងរដ្ឋដែលរងគ្រោះ​​ដោយទឹកលិចនាពេលនេះ មានរដ្ឋ ដូចជា Bago, Mon, Chin, Rakhine, Kachin, Sagaing, Mandalay និងតំបន់ Magway ផងដែរ ។ លំនៅឋានប្រជាជន​ត្រូវទឹកលិច​ហួសពីដំបូលក៏មាន ក្រុមជួយសង្គ្រោះ​បាន និងកំពុងប្រតិបត្តិការ​នៅទីតាំង​ទឹកជំនន់ទាំងនោះ​ ។

នាយក​ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ Daw Phyu Lei Lei Tun បានថ្លែងថា «យើង​កំពុងព្យាយាមជួយជម្លៀស​ខ្លួនពលរដ្ឋរងគ្រោះដោយទឹកជំនន់ឲ្យបានទាន់ពេលវេលា តាមការណែនាំរបស់រដ្ឋបាល​ប្រចាំតំបន់» ។

ក្រសួងសុខុមាលភាពសង្គម​ កាត់បន្ថយ និងដំណោះស្រាយមីយ៉ាន់ម៉ា អមដោយ​រដ្ឋបាល​ក្នុងតំបន់ បានចែកអង្ករ និងជំនួយមនុស្សផ្សេងៗ​ទៀត​ដល់ជនរងគ្រោះដោយទឹកជំនន់ទាំងនោះផងដេរ ។

អំឡុង​រដូវកាលវស្សាចូលមកដល់​ចាប់ពីខែ​មិថុនា ដល់ខែកញ្ញា របស់ប្រទេសមីយ៉ាន់ម៉ា គឺតែងតែកើតមាននៅគ្រោះទឹកជំនន់ និងបាក់ដីញឹកញាប់ ។ មួយផ្នែកធំ​បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជោកជាំ ព្រមទាំងខ្យល់ខ្លាំង ជាពិសេស​នៅតំបន់ជួរភ្នំ និងតំបន់វាលទំនាប ៕


ចែករំលែក៖