មីស៊ីលការពារដែនអាកាសដ៏ទំនើបរបស់រុស្ស៊ី S-400 គឺជាសុបិនអាក្រក់របស់អាមេរិក និងសម្ពន្ធមិត្ត ដោយមីស៊ីលនោះអាចកម្ទេចរាល់គោលដៅហោះហើរនៅលើអាកាស ក្នុងនោះមានមីស៊ីលរបស់សត្រូវ ។ ចំណុចទាំងនោះហើយបានជា អាមេរិក មិនចង់ឲ្យមីស៊ីលទាំងនោះរីកសាយភាយនៅលើពិភពលោកនោះឡើយ ដោយប្រទេសណាទិញមីស៊ីលនោះ អាមេរិកនឹងដាក់ទណ្ឌកម្ម ។
ប៉ុន្តែមកទល់ពេលនេះ មីស៊ីល S-400 ដាក់នៅលើទឹកដី៣ប្រទេសផ្សេងទៀតក្រៅពីរុស្ស៊ី គឺតួកគី ឥណ្ឌា និងចិន ហើយរាល់ការទិញមីស៊ីលទាំងនោះ គឺប្រើប្រាស់រូបិយវត្ថុក្នុងស្រុក មិនប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនោះឡើយ ធ្វើឲ្យអាមេរិកមិនអាច ដាក់ទណ្ឌកម្មបាន ។
នៅពេលនេះ រុស្ស៊ីបានចាប់ផ្តើមដឹកជញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ប្រព័ន្ធមីស៊ីលទី ពីរ តាមផ្លូវទឹកឲ្យដល់ប្រទេសចិន ។ ប្រព័ន្ធខែលមីស៊ីល S-400 ទី២ របស់រុស្ស៊ីនេះ ត្រូវបញ្ជូនទៅកាន់ប្រទេសចិនតាមផ្លូវសមុទ្រ ដោយនាវាប្រហែល៣គ្រឿង និងប្រើពេលរាប់ខែ ។
សារព័ត៌មាន Tass កាលពីថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានដកស្រង់ប្រភពយោធារុស្ស៊ី និងអ្នកការទូតបញ្ជាក់ថា រុស្ស៊ីចាប់ផ្តើមប្រតិបត្តិការដឹកជញ្ជូនលើកទីពីរ ប្រព័ន្ធខែលមីស៊ីល S-400 ដែលជាមីស៊ីលបាញ់ពីដីទៅដែនអាកាសទៅឲ្យប្រទេសចិន ។
ប្រភពបញ្ជាក់ថា ការដឹកជញ្ជូនមួយធ្វើឡើងតាមនាវាជាមួយបណ្តុំវត្ថុរឹងរបស់ប្រព័ន្ធខែលមីស៊ីល S-400 គ្រាប់ទីពីរទៅឲ្យប្រទេសចិន គឺធ្វើឡើងតាមផ្លូវសមុទ្រពីកំពង់ផែ Ust-Luga ឈូងសមុទ្រ បាល់ទិក ។ ទោះបីយ៉ាងណាក៏ដោយ ដូចទៅនឹងករណីដឹកជញ្ជូនឲ្យប្រទេសតួកគីអីចឹងដែរ ការដឹកជញ្ជូនប្រព័ន្ធខែលមីស៊ីលនេះ ធ្វើឡើងក្នុងរយៈពេលច្រើនខែ ទម្រាំទៅដល់ ។ ការដឹកជញ្ជូនខែលមីស៊ីលនេះ S-400 ទៅឲ្យប្រទេសចិន ប្រហែលនាវាមិនតិចជាង៣គ្រឿងនោះឡើយ ។ រុស្ស៊ីបានចុះកិច្ចព្រមព្រៀងដឹកជញ្ជូនមីស៊ីលទី២នេះទៅឲ្យប្រទេសចិនក្នុងឆ្នាំ២០១៤ ។
ទីក្រុងមូស្គូធ្លាប់បានអះអាងថា ប្រព័ន្ធខែលមីស៊ីល S-400 ជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុត ដែលមានសមត្ថភាពតាមចាប់ និងបាញ់ទម្លាក់គោលដៅ រួមមាន មីស៊ីលបាលីស្ទិក, យន្តហោះចម្បាំង និងដ្រូន ក្នុងរយៈចម្ងាយ ៦០០គីឡូម៉ែត្រ និងរយៈពេលកម្ពស់ចន្លោះពី ១០គីឡូម៉ែត្រ ទៅ២៧គីឡូម៉ែត្រ ។
សូមរំលឹកថា ចិនបានទទួលប្រព័ន្ធមីស៊ីល S-400 ទី១ ក្នុងចំណោម៦គ្រឿង កាលពីឆ្នាំ២០១៨ ខណៈសល់៤គ្រឿងទៀត ត្រូវបានគេរំពឹងថា នឹងបញ្ជូនឱ្យអស់នៅឆ្នាំ២០២០ ។ ចិនចុះកិច្ចព្រមព្រៀងទិញខែលមីស៊ីល S-400 ពីរុស្ស៊ី កាលពីឆ្នាំ២០១៤ ក្នុងតម្លៃសរុប ៣ពាន់លានដុល្លារ បានក្លាយជាបរទេសដំបូងគេ ដែលបានទិញខែលមីស៊ីលនេះ ។
បើប្រៀបធៀបនឹងខែលមីសីលអាមេរិក ដូចជា MIM-104 Patroit គឺខែលមីស៊ីល S-400 របស់រុស្ស៊ី មានតម្លៃថោកជាង ។ S-400 អាចបាញ់បានចម្ងាយដល់ ៦០០គីឡូម៉ែត្រ និងអាចបាញ់ទម្លាក់យន្តហោះសត្រូវ ក្នុងរយៈកម្ពស់ ២៧គីឡូម៉ែត្រ ។ ក្នុង១ប្រព័ន្ធខែលមីស៊ីលនេះ គឺបំពាក់មីស៊ីលបានដល់ទៅ ៧២គ្រាប់ក្នុងពេលតែមួយ ហើយអាចបាញ់សំដៅទៅគោលដៅផ្សេងៗគ្នាលើអាកាសចំនួន ៣៦គោលដៅ៕