ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបាញ់មីស៊ីលនាំផ្លូវ ប្រភេទថ្មីដែលខ្លួនទើបផលិត ជាការឆ្លើយតបទៅនឹងគ្រោងធ្វើសមយុទ្ធរបស់អាមេរិក និងកូរ៉េខាត្បូង

ចែករំលែក៖

នៅព្រឹកថ្ងៃទី​២៦ ខែកក្កដា ​​សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ប្រទេសនេះ ទើបតែបាញ់សាកល្បងមីស៊ីល​នាំផ្លូវប្រភេទថ្មី​ តាមការបញ្ជា និង​តាមដានពី​ប្រមុខដឹកនាំគីម ជុងអ៊ុន ។

សារព័ត៌មាន​KCNA ​បានផ្សាយថា ការបាញ់មីស៊ីលខាងលើ គឺជាសារផ្ញើទៅកាន់ ទាហានកូរ៉េខាងត្បូង ដែលបានឡើងគម្រោងធ្វើសមយុទ្ធរួមជាមួយអាមេរិកនៅក្នុង ខែសីហា ខាងមុខ ។ នៅមុនការបាញ់មីស៊ីលខាងលើ ភាគីកូរ៉េខាងជើង ក៏បានស្នើដល់ កូរ៉េខាងត្បូង និងអាមេរិក ឲ្យបញ្ឈប់គម្រោងធ្វើសមយុទ្ធទាំងនោះ ប៉ុន្តែ​អាមេរិកនិងកូរ៉េខាងត្បូង មិនយល់ព្រម ទើបកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលតែម្តង ។ នៅមុនពេលបាញ់មីស៊ីល កូរ៉េខាងជើង ក៏បានច្រានចោលជំនួយអង្ករ ពីកូរ៉េខាងត្បូង ផងដែរ ។

សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន ​​បានបញ្ជាក់ពីតម្រូវការផលិត ប្រព័ន្ធមីស៊ីលល្បឿនលឿន ដើម្បីការពាររាល់ការគំរាមកំហែងដល់សន្តិសុខជាតិ ។ មីស៊ីលកូរ៉េខាងជើង ដែលបានបាញ់សាកល្បងនោះ ដោយ​មួយគ្រឿង​ហោះហើបានចម្ងាយ​៦៩០គីឡូម៉េត្រ និងមួយគ្រឿងទៀត បានចម្ងាយ​៤៣០គីឡូម៉ែត្រ​ ។

ចំណែកទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ បានផ្សាយថា ទីក្រុងព្យុងយ៉ាង​បានប្រកាសថា ការបាញ់មីស៊ីល​កាលពីថ្ងៃ ទី២៥ ខែកក្កដា ដែលត្រួតពិនិត្យមើលដោយផ្ទាល់ពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននោះ គឺជាការ​«ព្រមាន»​ មួយ​ប្រឆាំង ​​«អ្នកនិយមសង្គ្រាមកូរ៉េខាងត្បូង» ។ សារព័ត៌មានកូរ៉េខាងត្បូង​បាន​ផ្សាយបន្តថា មេដឹកនាំ គីម ជុងអ៊ុន បានអំពាវនាវ​ទីក្រុងសេអ៊ុល​ឲ្យផ្អាក​ទាំង​ការអភិវឌ្ឍ​អាវុធប្រភេទថ្មី និងការ​សមយុទ្ធយោធា​នៅពេលខាងមុខ ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន KCNA របស់កូរ៉េខាងជើង​បាន​ផ្សាយថា ការដែលមេដឹកនាំកូរ៉េខាងជើង ​បានបង្ហាញ​នូវអាវុធ​នាំផ្លូវយុទ្ធសាស្ត្រ​ថ្មី កាលពីថ្ងៃ​ព្រហស្បតិ៍​​គឺជា«ការព្រមានដ៏ខ្លាំងក្លា»មួយ​ទៅកាន់«អ្នកនិយមសង្គ្រាមកូរ៉េខាងត្បូង» ខណៈពួកគេនៅតែបន្ត​ធ្វើសមយុទ្ធយោធារួម​គ្នា និងការអភិវឌ្ឍន​អាវុធ​បច្ចេកវិទ្យាទំនើបនោះ ។

លោក គីម បានថ្លែង​​នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដែលផ្សាយ​នៅលើសារព័ត៌មាន KCNAថា «យើង​កំពុងតែត្រូវបានបង្ខំ​ឲ្យបន្តអភិវឌ្ឍប្រព័ន្ធអាវុធ​ដែលមានកម្លាំងខ្លាំងអស្ចារ្យ​​​ដើម្បីកម្ទេច​​រាល់ការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខ​ជាតិរបស់យើងពី​ក្នុងប្រទេសកូរ៉េខាងត្បូង» ។

សារព័ត៌មាន យ៉ុនហាប់ បានដកស្រង់​ប្រភពពីខុទ្ទកាល័យ​ប្រធានាធិបតីកូរ៉េខាងត្បូង​ផ្សាយថា កូរ៉េខាងជើង​បានបាញ់មីស៊ីល​២គ្រាប់​ចេញពីឧបទ្វីប Hodo កូរ៉េខាងជើង​នៅវេលាម៉ោង​៥និង៣៤នាទីព្រឹក និងម៉ោង៥និង៥៧នាទី ព្រឹក ម៉ោងនៅក្នុងតំបន់ គឺជាប្រភេទ​ថ្មីអាវុធមីស៊ីល​​បាល្លិស្ទិក​រយៈចម្ងាយខ្លី ។ គ្រាប់មីស៊ីល​ទីមួយ​​ហោះហើរបាន​៤៣០គីឡូម៉ែត្រ ខណៈគ្រាប់ទីពីរ​ ហោះបាន​៦៩០គីឡូម៉ែត្រ ។ មីស៊ីលទាំងនោះ​បានធ្លាក់ចូលក្នុងសមុទ្រជប៉ុន ។

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង​វិញ​បាន​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​មិន​អំណោយផល​ទៅដល់​កិច្ចខិតខំប្រឹងប្រែង​ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង​ខាង​ផ្នែក​យោធា​នៅ​ក្នុង​តំបន់ ។

នេះ​គឺ​ជាលើកទីមួយហើយ​ ដែល​កូរ៉េ​ខាងជើង​បាន​ចាប់ផ្តើម​បាញ់សាកល្បងមីស៊ីល​ឡើងវិញ ក្រោយ​ពី​មាន​ជំនួប​ដោយ​ឥតព្រាងទុក រវាង​លោក​ដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន នៅ​ឯ​តំបន់​គ្មាន​កងទ័ព តាម​បណ្តោយ​ព្រំដែន​កូរ៉េ​ កាល​ពី​ចុងខែមុន ។ ហើយការ​សាកល្បងមីស៊ីល​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​កូរ៉េ​ខាងជើង​កំពុងតែ​មាន​ការ​ខឹងសម្បារ​នឹង​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ដែល​មិនព្រម​លុបចោល​នូវ​គម្រោង​ធ្វើ​សមយុទ្ធប្រចាំឆ្នាំរួមគ្នា នៅ​ខែក្រោយ ។ សមយុទ្ធ ដែល​របបក្រុងព្យុងយ៉ាង​​តែងតែ​តវ៉ា​ជំទាស់ ដោយ​អះអាង​ថា វាគឺ​ជា​ការ​ហាត់សម ដើម្បី​ចូល​ឈ្លានពាន​កូរ៉េ​ខាងជើង ។

ក៏ប៉ុន្តែ អ្នក​វិភាគខ្លះ​យល់ថា ការបាញ់សាកល្បង​មីស៊ីល​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ទំនង​ជា​មិនមែន​គ្រាន់តែ​ជាការ​តវ៉ា​ជំទាស់​នឹង​សមយុទ្ធ​រួមគ្នា​កូរ៉េខាងត្បូង-អាមេរិក​នោះទេ តែ​វា​អាច​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ធ្វើ​ទំនើបកម្ម​មីស៊ីល​របស់​កូរ៉េ​ខាងជើង ។

គួររំឭកឡើងវិញ​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ប្រព័ន្ធផ្សព្វផ្សាយ​ផ្លូវការ​របស់​កូរ៉េ​ខាងជើង​បាន​ចេញផ្សាយ​នូវ​រូបភាព ដែល​បង្ហាញ​អំពី​លោក​គីម ជុងអ៊ុន កំពុង​ធ្វើការ​ត្រួតពិនិត្យ​មើល​នាវាមុជទឹក​ថ្មី​របស់​កូរ៉េ​ខាងជើង ហើយ​នេះ​បាន​បង្កើត​ឲ្យ​មាន​ក្តីបារម្ភ​ខ្លាច​ក្រែង​កូរ៉េខាងជើង​កំពុងតែ​រៀបចំផលិត​មីស៊ីល​បាលីស្ទិក ដែល​អាច​បាញ់ចេញ​ពី​នាវាមុជទឹក (SLBM) ហើយ​ដែល​ជា​ប្រភេទ​សព្វាវុធ​ដ៏​សំខាន់​មួយ នៅ​ក្នុង​យុទ្ធសាស្រ្ត​ទ័ពនុយក្លេអ៊ែរ ។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការសាកល្បងមីស៊ីលខាងលើរបស់កូរ៉េខាងជើង ក្រាន់តែជាការចាប់ផ្តើម ប៉ុណ្ណោះ ហើយបើអាមេរិកនិងកូរ៉េខាងត្បូង បន្តសកម្មភាពធ្វើសមយុទ្ធ ឬក៏ សកម្មភាពយោធាណាមួយដែលកូរ៉េខាងជើង ចាត់ទុកថា​ជាយុទ្ធសាស្ត្រឈ្លានពានទឹកដីកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងនឹងមានសកម្មភាព​ជាបន្តទៀត ។

ចំណែកអាមេរិក​វិញ​រដ្ឋមន្ត្រីក្រសួងការបរទេស​លោក Mike Pompeo ​បានប្រកាសថា ​អាមេរិកសង្ឃឹមថាកូរ៉េខាងជើងនឹងឈប់បន្តសកម្មភាពឌឺដង​បង្កឲ្យមានភាពតានតឹង ជាថ្មី​ ។ លោក Mike Pompeo ​បានបញ្ជាក់ទៀតថា នឹងបន្តជួបពិភាក្សា ថ្នាក់បច្ចេកទេស​រវាង អាមេរិកនិងកូរ៉េខាងជើង នៅពេលខាងមុខ បើទោះបីកូរ៉េខាងជើង បានបាញ់មីស៊ីលហើយក្តី ៕


ចែករំលែក៖