ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញស្ត្រីម្នាក់ដេកដួលតាមផ្លូវក្នុងសភាពរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញស្ត្រីម្នាក់ដេកដួល តាមចិញ្ចើមផ្លូវក្នុងសភាពរបួសធ្ងន់ធ្ងរ បែកក្បាល ដាច់រលាត់ជើង ហូរឈាមកក្លាក្ស កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ផ្លូវ៣០ម៉ែត្រ ក្នុងភូមតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីរងគ្រោះឈ្មោះ អុិត ថា អាយុ៤០ឆ្នាំ ជាមនុស្ស មានវិប្បត្តិផ្លូវចិត្ត មានប្តីឈ្មោះ ប៉ុម សូភ័ក្ត្រា អាយុ ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ មានកូនប្រុសម្នាក់ក្នុងបន្ទុក មានទីលំនៅ បុរីសន្តិភាព ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ក្បែរកន្លែងកើតហេតុ ។

តាមការបំភ្លឺពីបុរសជាប្តី របស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា ខណៈដែលក្នុងក្រុមគ្រួសារ កំពុងលង់លក់ ក្នុងដំណេក កាលពីយប់ថ្ងៃទី២៥ ខែកក្កដានេះ មិនដឹងថា ស្ត្រីជាប្រពន្ធ បើកទ្វារទៅក្រៅផ្ទះតាំងពីពេលណានោះទេ រហូតដល់ ព្រឹកថ្ងៃទី២៦ នេះ ពលរដ្ឋផ្អើលឆោឡោ ប្រទះឃើញ មានស្ត្រីរងគ្រោះ ដេកដួលក្នុងថ្លុកឈាមតាមផ្លូវ សង្ស័យមកមើល ទើបដឹងថា ជាប្រពន្ធខ្លួន ។

តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់មិនបានដឹងថា ស្ត្រីរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍ ឬ ដើរដួលខ្លួនឯងដែរ នៅវេលាម៉ោងខាងលើ ពួកគាត់ឃើញជនរងគ្រោះដេកដួលទៅហើយ ទើបនាំគ្នាឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តសង្គ្រោះមកជួយអន្តរាគមន៍ ។

ជនរងគ្រោះក្នុងសភាពមានស្នាមរបួសធ្ងន់ សន្លប់បាត់បង់ស្មារតី ត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្រះកុសុមៈ ៕ សុខាសែនជ័យ​


ចែករំលែក៖