ព័ត៌មានទាន់ហេតុការណ៍៖

បាន មុនីល័ក្ខ ស្ពាយជោគជ័យធំពីព្រឹត្តិការណ៍តន្ត្រីមិត្តភាពអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ ពិតជាកោតសរសើរសម្រាប់ តារាស្រី កញ្ញា បាន មុនីល័ក្ខ ដែលបានឈានជើងចូលរួមច្រៀងលើឆាកអន្តរជាតិគឺក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមិត្តភាពអាស៊ានឆ្នាំ២០១៩(Asean Friendship Concert 2019) ដែលត្រូវបានធ្វើឡើងនៅប្រទេសថៃកាលពីរាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ។ នាងទទួលបានការកោតសរសើរ និងសាទរខ្លាំងពីអ្នកគាំទ្រក្នុងស្រុក អ្នកផលិតកម្មវិធី និងអ្នកចូលរួមទស្សនាកម្មវិធីមួយនេះដោយផ្ទាល់ ។

តារាស្រីល្បីឈ្មោះ បាន មុនីល័ក្ខ បានចេញដំណើរពីកម្ពុជាកាលពីថ្ងៃទី៣១ខែកក្កដានេះ ដើម្បីធ្វើការហាត់ សមភ្លេងរួមគ្នាអបដោយបទចម្រៀងថ្មីផ្ទាល់ខ្លួនដ៏ទាក់ទាក់ និងការច្រៀងរួមគ្នាជាមួយតារាចម្រៀងថៃ និងតារាចម្រៀងជាច្រើនរូបមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមនឹងប្រទេសចិន។ ចាប់ផ្តើមពីការបង្ហាញមុខរួមជាមួយតារាចម្រៀងអន្តរជាតិ នាងបានបង្ហើរសំនៀងបទចម្រៀងថ្មីផ្ទាល់ខ្លួនចំនួន២បទប្រកបដោយភាពទាក់ទាញ គឺបទ “I am me” និងបទ”ពេញចិត្តនូវអ្វីដែលយើងមាន” ដែលអមដោយការលាយបញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណខ្មែរ និងតន្ត្រីសម័យ យ៉ាងពិរោះរណ្តំ។

តាមការបញ្ជាក់ពីអ្នកសម្របសម្រួលពីកម្ពុជា បានលើកឡើងថា ក្រៅពីបទខ្មែរ នាងក៏ទទួលបានការសរសើរពីប្រជាជនថៃ ដែលបានចូលរួមទស្សនាផ្ទាល់ ព្រោះតែនាងបានច្រៀងយ៉ាងពិរោះរួមជាមួយតារាចម្រៀងប្រុសថៃដ៏ល្បីឈ្មោះគឺ លោក Tachaya Pratumwanក្រៅពីនេះនាងនឹងច្រៀងរួមជាមួយតារាចម្រៀងមកពីបណ្តាប្រទេសអាស៊ាន និងចិន នូវបទចម្រៀងជាភាសាអង់គ្លេសគឺបទ”Advancing Together As One”។ ប្រភពបន្តថា នាងពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់មុខមាត់ជាតិនិងលើកកម្ពស់រិតចំណងមិត្តភាព តាមរយៈតន្ត្រី និងបទចម្រៀង។

គួរបញ្ជាក់ដែរថា តារាចម្រៀងសំនៀងក្រអួនស្រីស្រស់សោភា កញ្ញាបាន មុន្នីល័ក្ខ ត្រូវបានជ្រើសរើសជាតារាចម្រៀងតំណាងពីកម្ពុជា តាមរយៈស្ថានីយទូរទស្សន៍ក្រសួងមហាផ្ទៃ Nice TVដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយនៅមហោស្រព Aksara Theatre King Powerនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នាទីក្រុងបាងកកប្រទេសថៃ។ កម្មវិធីនេះត្រូវបានរៀបចំដោយវិទ្យុថៃ នៅក្រោមនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល ក្រោមការចូលរួមពីអ្នកចម្រៀងទាំង១០ប្រទេសនៃតំបន់អាស៊ាន និងតារាចម្រៀងមកពីប្រទេសចិន ។ កម្មវិធីនេះក៏នឹងធ្វើការផ្សាយផ្ទាល់ និងចាក់ផ្សាយនៅលើបណ្តាញសង្គម វិទ្យុ និងទូរទស្សន៍NBT របស់ថៃផងដែរ។ ទោះជាយ៉ាងណានេះមិនមែនលើកទីមួយទេដែលតារាស្រីរូបនេះបានចេញទៅច្រៀងនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនផងដែរ ៕ វឌ្ឍនា


ចែករំលែក៖