ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ាប្រឈមគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ ពលរដ្ឋ​ជាច្រើនត្រូវជម្លៀសទៅ​កាន់តំបន់​មានសុវត្ថិភាព

ចែករំលែក៖

គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំវាយប្រហារ ប្រទេសមីយ៉ានម៉ា ធ្វើឲ្យតំបន់ទំនាបជា​ច្រើន ទឹកលិចដល់ដំបូលផ្ទះ ។ អាជ្ញាធរ នៃប្រទេសមីយ៉ាន់ម៉ា​ បាន​ថ្លែង ​កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ថា ប្រជាពលរដ្ឋរាប់រយពាន់នាក់​នាក់ ​ត្រូវបានជម្លៀស ចេញ​ពីតំបន់ដែលរងគ្រោះដោយទឹកជំនន់​ ដែលបាន និងកំពុងយាយី យ៉ាងខ្លាំង​ នៅតំបន់នានា​ក្នុងប្រទេសមីយ៉ាន់ម៉ា អំឡុងសប្តាហ៍ថ្មីៗនេះ ។ ភ្លៀងធ្លាក់ក្នុងរដូវ​វស្សា​ ក៏ជាមូលហេតុ​បង្កឲ្យគ្រោះទឹកជំនន់នេះខ្លាំងណាស់ដែរ ។

លំនៅឋានប្រជាជននៅតាមតំបន់ខ្លះ ត្រូវទឹកលិច​ជិតផុតដំបូលតែតម្តង ជាពិសេស​នៅតំបន់ Bago ទីប្រជុំជន Shwegyin តែម្តង ។ នៅពេលនេះ ក្រុមជួយសង្គ្រោះ​កំពុងមមាញឹក​ការងារសង្គ្រោះ និងជម្លៀស​ប្រជាជន​ទៅកាន់ទីទួលមានសុវត្ថិភាព ។

បុរសឈ្មោះ Than Aye អាយុ៤២ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែមផង និងពិការផ្នែកម្ខាងផង បានព្យាយាម​គេចចេញពីទឹកជំនន់នេះ ។ លោកបានប្រាប់ ប្រភព AFP ថា ខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់ ពេលទឹកជំនន់ចាប់ផ្តើមជន់លិច ប៉ុន្តែបន្ទាប់មក​ក្រុមជួយសង្គ្រោះបានមកដល់ ហើយសង្គ្រោះខ្ញុំ​តាមទូក ទៅកាន់ទីទួល​មានសុវត្ថិភាព ។

ក្រសួងសុខុមាលភាពសង្គម​របស់មីយ៉ាន់ម៉ា​បញ្ជាក់ថា ទឹកជំនន់ធ្ងន់ធ្ងរជាងគេនាពេលបច្ចុប្បន្ននេះ គឺនៅភាគខាងកើតតំបន់ Bago និងនៅខេត្ត Mon ខេត្តKaren ។ មនុស្សជាង ៣០,០០០នាក់ បានបាត់បង់ទីជម្រក​ដោយសារតែគ្រោះទឹកជំនន់នៅពេលនេះ ។

ការិយាល័យសម្រុះសម្រួល កិច្ចការមនុស្សធម៌​របស់អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្ស​ប្រហែល ៨៩,០០០​នាក់ បាត់បង់ទីជម្រកអំឡុងសប្តាហ៍ថ្មីៗនេះ ភាគច្រើននៅមិនទាន់បានវិលត្រឡប់​ទៅកាន់ផ្ទះសម្បែងវិញទេ ៕


ចែករំលែក៖