គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំវាយប្រហារ ប្រទេសមីយ៉ានម៉ា ធ្វើឲ្យតំបន់ទំនាបជាច្រើន ទឹកលិចដល់ដំបូលផ្ទះ ។ អាជ្ញាធរ នៃប្រទេសមីយ៉ាន់ម៉ា បានថ្លែង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ថា ប្រជាពលរដ្ឋរាប់រយពាន់នាក់នាក់ ត្រូវបានជម្លៀស ចេញពីតំបន់ដែលរងគ្រោះដោយទឹកជំនន់ ដែលបាន និងកំពុងយាយី យ៉ាងខ្លាំង នៅតំបន់នានាក្នុងប្រទេសមីយ៉ាន់ម៉ា អំឡុងសប្តាហ៍ថ្មីៗនេះ ។ ភ្លៀងធ្លាក់ក្នុងរដូវវស្សា ក៏ជាមូលហេតុបង្កឲ្យគ្រោះទឹកជំនន់នេះខ្លាំងណាស់ដែរ ។
លំនៅឋានប្រជាជននៅតាមតំបន់ខ្លះ ត្រូវទឹកលិចជិតផុតដំបូលតែតម្តង ជាពិសេសនៅតំបន់ Bago ទីប្រជុំជន Shwegyin តែម្តង ។ នៅពេលនេះ ក្រុមជួយសង្គ្រោះកំពុងមមាញឹកការងារសង្គ្រោះ និងជម្លៀសប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ។
បុរសឈ្មោះ Than Aye អាយុ៤២ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែមផង និងពិការផ្នែកម្ខាងផង បានព្យាយាមគេចចេញពីទឹកជំនន់នេះ ។ លោកបានប្រាប់ ប្រភព AFP ថា ខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់ ពេលទឹកជំនន់ចាប់ផ្តើមជន់លិច ប៉ុន្តែបន្ទាប់មកក្រុមជួយសង្គ្រោះបានមកដល់ ហើយសង្គ្រោះខ្ញុំតាមទូក ទៅកាន់ទីទួលមានសុវត្ថិភាព ។
ក្រសួងសុខុមាលភាពសង្គមរបស់មីយ៉ាន់ម៉ាបញ្ជាក់ថា ទឹកជំនន់ធ្ងន់ធ្ងរជាងគេនាពេលបច្ចុប្បន្ននេះ គឺនៅភាគខាងកើតតំបន់ Bago និងនៅខេត្ត Mon ខេត្តKaren ។ មនុស្សជាង ៣០,០០០នាក់ បានបាត់បង់ទីជម្រកដោយសារតែគ្រោះទឹកជំនន់នៅពេលនេះ ។
ការិយាល័យសម្រុះសម្រួល កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សប្រហែល ៨៩,០០០នាក់ បាត់បង់ទីជម្រកអំឡុងសប្តាហ៍ថ្មីៗនេះ ភាគច្រើននៅមិនទាន់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញទេ ៕