ព័ត៌មានទាន់ហេតុការណ៍៖

សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កន្លងមក មិនប៉ះពាល់ដល់គម្រោងពិភាក្សា​ស្តីពីកម្មវិធីបរមាណូឡើយ

ចែករំលែក៖

សារព័ត៌មាន​ AFP នៅថ្ងៃទី​៩ ខែសីហា បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស អាមេរិក លោក​ Mike Pompeo ​បញ្ជាក់ថា «យុទ្ធសាស្ត្រ​នៅក្នុងទំនាក់ទំនង ជាមួយកូរ៉េខាងជើង របស់ប្រធានាធិបតី ដូណាល់ ត្រាំ មិនផ្លាស់ប្តូរនោះឡើយ​ ។ ការខិតខំរបស់យើងគឺឈានទៅរកការរំសាយអាវុធបរមាណូ ទាំងស្រុង នៅកូរ៉េខាងជើង​» ។ រដ្ឋមន្ត្រីការបរទេស លោក​ Mike Pompeo ​បានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលកន្លងមក មិនប៉ះពាល់ដល់គម្រោងពិភាក្សា​ស្តីពីកម្មវិធីបរមាណូ របស់កូរ៉េខាងជើងនោះឡើយ ។

រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលនាពេលកន្លងមក របស់កូរ៉េខាងជើង មិនប៉ះពាល់ដល់គម្រោងពិភាក្សាឡើង ដោយការសាកល្បងនោះជាមីស៊ីលរយៈចម្ងាយខ្លី​តែប៉ុណ្ណោះ​ ។ ចំណែក មីស៊ីលឆ្លងទ្វីប កូរ៉េខាងជើង បានផ្អាកសាកល្បងតាំងពី ខែកញ្ញាឆ្នាំ​២០១៧ ។ នៅពេលនេះ យើងបានឡើងគម្រោង សម្រាប់កិច្ចពិភាក្សា នៅពេលដ៏ខ្លីខាងមុខ ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា កូរ៉េខាងជើង នឹងមិនវិលត្រឡប់ចូលតុពិភាក្សាឡើង​មុនពេលសមយុទ្ធ រវាងអាមេរិក និងកូរ៉េខាងត្បូង​មិនទាន់បញ្ចប់នោះ ។ ទីក្រុងព្យុងយ៉ាងបានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពធ្វើសមយុទ្ធ គឺជាការបំពានកិច្ចព្រមព្រៀងសន្តិភាព​ដែលកូរ៉េខាងជើង បានចុះហត្ថលេខាងជាមួយអាមេរិក និងកូរ៉េខាងត្បូង ។

ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក Mark Esper នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសកូរ៉េខាងត្បូង ចំពេល​តំបន់នេះ​ មានបញ្ហាប្រកួតប្រជែង និងតានតឹងដាក់គ្នាយ៉ង​ខ្លាំង រវាងរដ្ឋាភិបាល​ទីក្រុងសេអ៊ុល និងតូក្យូ​ ខណៈប្រទេសទាំងពីរ សុទ្ធតែជាសម្ព័ន្ធមិត្តដ៏ល្អរបស់អាមេរិក ។

នេះជាដំណើរទស្សនកិច្ចលើកដំបូង​របស់លោក Esper ក្រោយក្លាយជារដ្ឋមន្ត្រីការពារជាតិអាមេរិក ។ កាលពីល្ងាច ថ្ងៃទី៨ សីហា លោក Esper បានទៅដល់កូរ៉េខាងត្បូង ហើយនៅក្នុងដំណើរទស្សនកិច្ចនោះ លោក Esper ទំនងជា​ស្នើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង និង​ជប៉ុន​បន្ធូរបន្ថយនូវស្ថានការណ៍តានតឹង​ រវាងប្រទេសទាំង២ផងដែរ ។ កូរ៉េខាងត្បូង ​បានប្តេជ្ញាអនុវត្តគ្រប់វិធីសាស្ត្រទាំងអស់ ដើម្បី​តទល់ជាមួយនឹងប្រទេសជប៉ុន​ លើបញ្ហាសេដ្ឋកិច្ច ក្នុងនោះមានទាំងការ​បញ្ឈប់​សន្ធិសញ្ញា​ចែករំលែក​ព័ត៌មានចារកម្ម​ជាដើម ។

លោក Esper បានទៅដល់ទី​ក្រុងសេអ៊ុល​ មួយថ្ងៃ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ ថ្លែងថា កូរ៉េខាងត្បូង​យល់ព្រម​ចំណាយថវិកា បន្ថែម​ដល់​កងកម្លាំងយោធាអាមេរិក ចំនួន២៨ ៥០០នាក់​ដែលកំពុងឈរជើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនេះក៏ជាបញ្ហាមួយ​ ដែល​ត្រូវលើកយកមកពិភាក្សាគ្នាផងដែរ ។

ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង បានថ្លែងថា ការពិភាក្សាស្តីអំពីបញ្ហានេះ នៅមិនទាន់ចាប់ផ្តើមនៅឡើយ ។ រីឯដំណើរទស្សនកិច្ចនេះ ក៏បានធ្វើឡើង​ ក្រោយពេលប្រទេសកូរ៉េខាងជើង ​បាញ់មីស៊ីល​ជាច្រើនគ្រាប់ កាលពីប៉ុន្មានថ្ងៃមុននេះ ។

ស្រ្តីអ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៨ ខែសីហា បានថ្លែងថា លោកស្រី​Jeong Kyeong-doo រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងលោក Esper នឹងជួបពិភាក្សា​គ្នា អំពី​បញ្ហាមួយចំនួន រួមមាន ស្ថានការណ៍សន្តិសុខ​នៅលើឧបទ្វីបកូរ៉េ, សម្របសម្រួល​នយោបាយ​ជំរុញ​ឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរ ដើម្បីឈានដល់សន្តិភាព​ជាអចិន្ត្រៃយ៍ ព្រមទាំងពិភាក្សាអំពី​បញ្ហាសម្ពន្ធមិត្តដ៏សំខាន់នោះ​ដែរ ។ ​

កាលពីដើមសប្តាហ៍​នេះ លោក Esper បានថ្លែងថា អាមេរិក​មិនបានប្រកាន់ហួសហេតុពេកទេ ចំពោះការបាញ់មីស៊ីលរយៈចម្ងាយខ្លី​របស់កូរ៉េខាងជើងនោះ ។ ការថ្លែងបែបនេះ គឺលោករដ្ឋមន្រ្ដីការពារជាតិអាមេរិក ចង់រក្សា​ឲ្យទ្វារបើកចំហដល់ដំណើរការពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ។ លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា បើទោះជា​មានការទទូច​ពីកូរ៉េខាងជើងក្តី គម្រោង​ធ្វើសមយុទ្ធ​យោធារួម រវាងអាមេរិក និងកូរ៉េខាងត្បូង គឺគ្មានការប្រែប្រួលនោះដែរ ​នៅពេលអនាគត ។ សូមជម្រាបថា មុនពេលមកដល់​ប្រទេសកូរ៉េខាងត្បូង នោះ លោក Esper រដ្ឋមន្រ្ដីការពារជាតិអាមេរិក បានទៅបំពេញទស្សនកិច្ច ​នៅក្នុងប្រទេសអូស្ត្រាលី ជប៉ុន និងម៉ុងហ្គោលី ៕


ចែករំលែក៖