ពេលថ្មីៗនេះ ប៉ាគីស្ថានបានផ្អាករាល់សកម្មភាពជាមួយឥណ្ឌា ក្នុងនោះមាន ទាំងសេវាកម្មដឹកជញ្ជូន ផ្លូវដែក ក៏ដូចជាហាមបញ្ចាំងភាពយន្ត របស់ឥណ្ឌា Bollywood ក្រោយពេលរដ្ឋាភិបាល ទីក្រុង ញ៉ូវដេលី ដកសិទ្ធិស្វ័យភាពនៅតំបន់កាស្មៀរ ។
ដើម្បីបង្កើនការគ្រប់គ្រងនៅតំបន់នេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra modi បានប្រកាសបញ្ចប់សិទ្ធិស្វ័យភាព នៅក្នុងតំបន់នេះ ហើយ អនុញ្ញាតឲ្យមនុស្ស នៅរដ្ឋផ្សេងៗមកទិញដីនៅទីនោះបាន ។ ជាមួយគ្នានោះ រដ្ឋាភិបាល ក៏បានសម្រេច កាត់ខេត្តកាស្មៀរទៅជាខេត្តតូចៗចំនួន២ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ។ ការគ្រប់គ្រងស្វយ័ត ទើបធ្វើឲ្យតំបន់នេះក្លាយជាទីតាំង របស់ក្រុមឧទ្ទាមដើម្បីវាយប្រហារឥណ្ឌា ។
នៅពេលនេះដែរ អ្នកនយោបាយ រហូតដល់ ជាង៥០០នាក់ ត្រូវបានចាប់ឃុំខ្លួន ក្នុងការបង្ក្រាបថ្មីបំផុត នៅតំបន់កាស្មៀររបស់កងកម្លាំងសន្តិសុខឥណ្ឌា ក្រោយពីរដ្ឋាភិបាលប្រកាសដកហូតសិទ្ធិស្វ័យភាពនៅតំបន់នោះរួចមក ។
សាស្ត្រាសកលវិទ្យាល័យ, សកម្មជននយោបាយ ឬអ្នកជំនួញជាដើម ស្ថិតក្នុងចំណោមមនុស្សទាំង៥៦០នាក់ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងបណ្តោះអាសន្ន អំឡុងពេលកងកម្លាំងសន្តិសុខឥណ្ឌា ឆ្មក់នៅពេលយប់នៅតាមទីក្រុងនានា ដូចជា Srinagar, Baramulla និង Gurez ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Press Trust of India និងសារព័ត៌មាន Indian Express នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ។
កាសែតរ៉យទ័របានប៉ាន់ស្មានថា អ្នកនយោបាយ និងក្រុមផ្តាច់ខ្លួនប្រហែល៣០០នាក់ត្រូវបានឃុំខ្លួនដោយប៉ូលិស ដែលធ្វើប្រតិបត្តិការបញ្ឈប់កុំឲ្យមានធ្វើបាតុកម្ម ប្រឆាំងការដកសិទ្ធិស្វ័យភាពតំបន់ខាងលើនេះ ។
ការចាប់ឃុំខ្លួនខាងលើនេះ ធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី គ្រោងថ្លែងសុន្ទរកថា តាមវិទ្យុទៅកាន់ជនរួមជាតិនៅរសៀលថ្ងៃទី៨ ខែសីហា ដើម្បីពន្យល់ពីមូលហេតុដែលរដ្ឋាភិបាលជាតិនិយមហិណ្ឌូ សម្រេចចិត្តដកសិទ្ធិស្វ័យភាពអាយុជាង៧ទសវត្សរ៍នេះពីតំបន់កាស្មៀរឥណ្ឌា តាមរយៈអនុក្រិត្យប្រធានាធិបតីមួយច្បាប់នោះ ។
សភារបស់ឥណ្ឌាក៏បានអនុម័តច្បាប់បែកចែកតំបន់មានជម្លោះ ដែលធ្លាប់ត្រូវបានក្រុមឧទ្ទាមប្រដាប់អាវុធបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាតាំងពីឆ្នាំ១៩៨៩នោះ-ឲ្យទៅជាទឹកដីពីរបំណែក ហើយស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពីទីក្រុងញូវដេលី ។
កងទ័ពឥណ្ឌារាប់ពាន់នាក់នៅទីនោះ បានប្រកាសអនុវត្តច្បាប់បម្រាមគោចរ ក្នុងនោះប្រព័ន្ធអ៊ីនធើណេតឬសេវាទូរស័ព្ទត្រូវបានកាត់ផ្តាច់ទាំងស្រុង ។ រដ្ឋាភិបាលទីក្រុងញូវដេលីបានអះអាងថា ការបញ្ចប់ស្វ័យភាពគ្រប់គ្រងនៅក្នុងតំបន់កាស្មៀរ គឺជាបញ្ហាផ្ទៃក្នុងរបស់ខ្លួន ៕