ខេត្តបាត់ដំបង៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះមានបុគ្គលពីររូប (ឈ្មោះ គង់ ច័ន្ទមុន្នី និងចាន់ យឿត) បានចេញមុខអះអាងតាមវិទ្យុសំបុកឃ្មុំ បកស្រាយទាមទាររឿងរ៉ាវដីស្រែមួយកន្លែងទំហ៊ំជាង១០៨ហិចតា ស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយចោទឈ្មោះ អៀង អឿន អាយុ៧៨ឆ្នាំ ថាជាអ្នករំលោភយកដីពួកគេនោះ ក៏បានបំភ្លឺជាសាធារណៈតបត ទៅវិញភ្លាមៗ។
ក្នុងនោះ លោកតាបាននិយាយយ៉ាងដូច្នេះថា៖ ខ្ញុំបាទ (អៀង អឿន) ថាជាអ្នករំលោភយកដីពួកគេ ផ្ទុយពីការពិតដែលពួកគេទៅវិញទេ ជាអ្នកប៉ុនប៉ងម្តងហើយម្តងទៀត មករំលោភយកដីស្រែរបស់ខ្ញុំបាទ រហូតត្រូវបានអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មន្ន្ទីរសុរិយោដី រួមទាំងតុលាការផងបានបញ្ជាក់ច្បាស់លាស់ម្តងហើយម្តងទៀតថា ដីខាងលើជាដីស្រែរបស់ខ្ញុំបាទដែលបានកាន់កាប់ត្រឹមត្រូវស្របច្បាប់ទាំងអស់តាំងពីឆ្នាំ១៩៩៤មក។
លោកតា អៀង អឿនបន្តថា៖ ដើម្បីរក្សាកិត្តិយសខ្ញុំបាទ ដែលជាអ្នកស្រលាញ់យុត្តិធម៌ ភាពស្មោះត្រង់ និងជាអ្នកប្រតិបត្តិសីលទានក្នុងវ័យ៧៨ឆ្នាំហើយនោះ ខ្ញុំបាទគ្មានហេតុផលណាមួយដើម្បីលោភលន់យកទ្រព្យសម្បត្តិរបស់អ្នកដទៃឡើយ ដូច្នេះខ្ញុំសូមអំពាវនាវដល់បុគ្គលទាំងពីររូបខាងលើក៏ដូចជាបក្សពួកខ្ខ្លួនដែលមានបំណងទុច្ចរិត ប៉ុនប៉ងចង់រំលោភយកដីស្រែខ្ញុំបាទបញ្ឈប់ទៅ ហើយសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាពិនិត្យលើសកម្មភាពនានារបស់បុគ្គលពីររូបខាងលើនិងបក្សពួកខ្លួន ដើម្បីធានាដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរាដ្ឋាភិបាលក្នុងការកាត់បន្ថយនិងលប់បំបាត់នូវជនខិលខូច ជនទុច្ចរិត ដែលនាំការលំបាកដល់ប្រជាពលរដ្ឋនិងជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ។
ដើម្បីជាភស្តុតាង ខ្ញុំសូមភ្ជាប់មកជាមួយនូវឯកសារដើម និងឯកសារពាក់ព័ន្ទទាំងអស់ រួមទាំងសាលក្រមរបស់តុលាការផងដែលបានបញ្ជាក់ថាដីស្រែខាងលើពិតជារបស់ខ្ញុំបាទដែលបានចុះបញ្ជីត្រឹមត្រូវ តាមនិយាមការ និងស្របច្បាប់តាំងពីឆ្នាំ១៩៩៤ ហើយក៏បានកំពុងប្រកបរបរធ្វើស្រែចំការតាំងពីពេលនោះមកម្លេះ ៕
ដោយ៖ សិលា