ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក និងរុស្ស៊ី ឈានដល់ដំណាក់កាលប្រកួតប្រជែងអាវុធជាថ្មី ក្រោយបញ្ចប់សន្ធិសញ្ញា​INF

ចែករំលែក៖

អាមេរិក និងរុស្ស៊ីចាប់ផ្តើមផលិត និងសាកល្បងអាវុធទំនើបៗ ដែលបានហាមប្រាម​នាពេលកន្លងមក ដែលជាសញ្ញាប្រកួតប្រជែងអាវុធសារជាថ្មី​បង្កឲ្យពិភពលោក ស្ថិតនៅក្នុងដំណាក់កាល គ្រោះថ្នាក់ ។

នៅពេលនេះ អាមេរិក បានឡើងគម្រោងផលិតមីស៊ីល ល្បឿនលឿនជាងសំឡេង ដល់ទៅ​៥ដង ប្រភេទ ​​Hyperonic ។ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ម៉ាក អ៊ែស្ពើរ (Mark Esper) បាននិយាយថា សហរដ្ឋអាមេរិកប្រហែលអាចសម្រេចបាននូវអាវុធ ដែលមានល្បឿនកម្រិត Hypersonic (លឿនជាងល្បឿនសំឡេងចាប់ពី៥ដងឡើង) ក្នុងរយៈពេល ០២ឆ្នាំខាងមុខ ។

ក្នុងបទសម្ភាសន៍មួយដែលសារព័ត៌មានអាមេរិក Fox News ចេញផ្សាយនាថ្ងៃពុធសប្តាហ៍នេះ លោក Esper បានលើកឡើងថា «ប្រហែលជាប៉ុន្មានឆ្នាំទៀត… គឺអាចក្នុងរយៈពេល ០២ឆ្នាំ» ដែលការឆ្លើយតបបែបនេះ បានកើតឡើងបន្ទាប់ពីអ្នកសម្ភាសន៍បានសួរនាំលោកពាក់ព័ន្ធថា តើសហរដ្ឋអាមេរិក ដើរដល់ណាហើយ ជុំវិញការបង្កើតសព្វាវុធល្បឿនលឿនកម្រិត Hypersonic ។

គួរជម្រាបថា មន្រ្តីជាន់ខ្ពស់នៃយោធាអាមេរិក លោក រីយ៉ាន ម៉ាកខាធី (Ryan McCarthy) ក៏ទើបតែបានបង្ហើបឲ្យដឹងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តោតទៅលើការអភិវឌ្ឍមីស៊ីល Hypersonic ប្រភេទបាញ់ពីផ្ទៃដី ហើយមានសមត្ថភាពវាយប្រហារក្នុងរយៈចម្ងាយ ដែលកន្លង មកត្រូវបានហាមឃាត់ ក្រោមសន្ធិសញ្ញាទប់ស្កាត់ការរីកសាយ នៃអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី INF ដែលបានរលាយសាបសូន្យកាលពីដើមខែសីហានេះ ។

ក្រោយសន្ធិសញ្ញា INF ត្រូវបានបំផ្លាញ កាលពីថ្ងៃអាទិត្យកន្លងទៅ អាមេរិកក៏ទើបតែបានបាញ់តេស្ត មីស៊ីលចង្អុលទិស (Cruise Missile) មួយគ្រាប់ផងដែរ ដោយវាបានរត់ក្នុងរយៈចម្ងាយមធ្យម ដែលធ្លាប់ត្រូវបានហាមឃាត់ដោយ INF ។ ពាក់ព័ន្ធការធ្វើតេស្តនោះ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានដាក់ការសង្ស័យថា អាមេរិកប្រហែលជាបានសម្ងំអភិវឌ្ឍន៍មីស៊ីលយូរដែរមកហើយ គឺអាចមុនពេលរកលេសដើរចេញពីសន្ធិសញ្ញា INF ទៅទៀត ។

ចំពោះរុស្ស៊ីវិញក៏ដូចគ្នានោះដែរ បានឡើងគម្រោងផលិតមីស៊ីលទំនើប បំផុតដែលបានហាមប្រំនាពេលកន្លងមក ដោយារតែ​ INF ។ ពេលថ្មីៗនេះប្រធានាធិបតីពូទីនបានបញ្ជាក់ថា រុស្ស៊ីនឹងផលិតមីស៊ីល រយៈចម្ងាយមធ្យម និងខ្លី​ ។ ប្រធានាធិបតីរុស្ស៊ី លោកពូទីន​ កាលពីថ្ងៃ ទី​២១ ខែសីហា ​បានប្រកាសថា​ រុស្ស៊ីនឹងផលិតប្រព័ន្ធមីស៊ីល ​រយៈចម្ងាយមធ្យម និងខ្លី​ ។ ប៉ុន្តែរុស្ស៊ីនឹងមិន​ដាក់ពង្រាយមីស៊ីលទាំងនោះ មុនអាមេរិកនោះឡើយ ។

លោក ពូទីន បានសន្យាថា សន្តិសុខជាតិរុស្ស៊ី​ នឹងត្រូវបានធានាយ៉ាងរឹងមាំ ​ក្រោយពេលផលិតមីស៊ីល​ថ្មី​ ។ មានប្រសាសន៍ នៅក្នុងសន្និសីទកាសែត​ នៅទីក្រុង​ Helsinki ​ជាមួយសមភាគីហ្វាំងឡង់​លោក Sauli Niinisto នោះ ប្រធានាធិបតីពូទីន បានបញ្ជាក់ថា​ ​ទីក្រុងមូស្គូ នឹងតបតវិញឲ្យបានសមស្របបំផុតទៅលើអាមេរិក​ ដែលបានបាញ់សាកល្បងមីស៊ីល ក្រោយ​ពេលអាមេ៉រិកដកខ្លួនចេញពី​សន្ធិសញ្ញា​ INF ។

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ​​បានផលិតមីស៊ីល ជាយូរណាស់មកហើយ មុនពេលអាមេរិក ដកខ្លួនចេញពី​សន្ធិសញ្ញា​ INF ។ ដូច្នេះ ទីក្រុងមូស្គូ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ក្រោយពេលអាមេរិក ​បានបាញ់សាកល្បងអាវុធ ដែលបានហាមប្រាម ក្រោមសន្ធិសញ្ញា ​INF ​ទើបធ្វើឲ្យស្ថានភាពសន្ដិសុខ នៅលើពិភពលោក កាន់តែ​មានភាពតានតឹងឡើងថែមទៀត ។

កន្លងមក​ ចិន និងរុស្ស៊ី ក៏ធ្លាប់ព្រមានថា សកម្មភាពរបស់អាមេរិក ដែលដកខ្លួនចេញពី សន្ធិសញ្ញា​ INF អាចជំរុញឲ្យមានការប្រកួតប្រជែងអាវុធ ក៏ដូចជា សម័យសង្គ្រាមត្រជាក់ជាថ្មី កើតឡើងនៅលើពិភពលោក​​ ។

ពាក់ព័ន្ធស្ថានភាពខាងលើ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ កោះប្រជុំ​តាមសំណើរុស្ស៊ី ស្ដីពីរឿងអាមេរិកបាញ់សាកល្បងមីស៊ីល ។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បើកកិច្ចប្រជុំ​ នៅថ្ងៃព្រហស្បតិ៍ (២២ សីហា) តាមសំណើរ​បស់រុស្ស៊ី ស្តីអំពី​​អាមេរិកធ្វើ​តេស្តិ៍​សាកល្បងមីស៊ីល​មួយ ដែលអាច​ស្ថិតនៅក្រោម​ច្បាប់ហាមប្រាម នៅ​​ក្នុងសន្ធិសញ្ញា ដែល​ទីក្រុងវ៉ាស៊ីនតោន និងមូស្គូ​ បោះបង់ចោល ​កាលពីដើមខែ​សីហា ឆ្នាំ២០១៩​នេះ ។

លោក Dmitry Polyansky អនុឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំនៅអង្គការសហប្រជាជាតិ​ បានថ្លែងប្រាប់ក្រុមអ្នកកាសែត​ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ថា ទីក្រុង​មូស្គូ​ បានអំពាវនាវ​ឲ្យមានជំនួបរបស់ក្រុមប្រឹក្សាសន្តិសុខ​ «ពីព្រោះ​តែការគំរាមកំហែង​ អំពីការប្រកាស​របស់សហរដ្ឋអាមេរិក ស្ដីពីការអភិវឌ្ឍន៍​អាវុធ​មីស៊ីល និងរំលោភបំពានទៅលើកិច្ចព្រមព្រៀង» ។

មន្រ្ដីការទូតរុស្ស៊ី រូបនេះ បានបន្តថា «នៅពេលបច្ចុប្បន្ននេះ កំពុងតែមានការគំរាមកំហែង​ជាច្រើន ។ យើងកំពុងស្ថិតនៅក្នុង​ពេលវេលា នៃការប្រកួតប្រជែងគ្រឿងសព្វាវុធ ។ ដូច្នេះយើងចង់ពិភាក្សា ស្ដីអំពីបញ្ហានេះ» ។

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចោទប្រកាន់រុស្ស៊ី​ ថា មិនមានបំណង​បញ្ឈប់នូវ​ការរំលោភបំពានលើ​កិច្ចព្រមព្រៀង​ ឆ្នាំ១៩៨៧ ស្តីអំពីសន្ធិសញ្ញា ​មិនសាយភាយ​អាវុធ​នុយក្លេអ៊ែរ រយៈចម្ងាយមធ្យម ដែលបានចុះហត្ថលេខា ដោយអតីតសហភាពសូវៀត និងអាមេរិក នោះឡើយ ។ ដោយឡែករុស្ស៊ី ក៏បានចោទប្រកាន់​អាមេរិក​វិញដែរថា អាមេរិកបានរំលោភ​លើកិច្ចព្រមព្រៀងនេះដែរ ។ ប្រទេសទាំងពីរ​បានដកខ្លួន ចេញពីសន្ធិសញ្ញានេះ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩៕


ចែករំលែក៖