តាំងពីដើមមក អាមេរិក បានផ្តល់អាទិភាពទៅលើវិស័យយោធា ដោយបង្កើនការចំណាយកើនឡើងជាបន្តបន្ទាប់ ពង្រឹងវិស័យ នេះឲ្យកាន់តែខ្លាំង ក្នុងពេលដែល ប្រទេសចិន និងរុស្ស៊ី កំពុងតែពង្រីកឥទ្ធិពលយោធាដូចគ្នា ។
ប៉ុន្តែដើម្បីបង្កើតឲ្យមានស្នាដៃ ក្នុងពេលដឹកនាំបន្សល់ទុក ដល់ជំនន់ក្រោយ លោកត្រាំបានសម្រេច ដកប្រាក់ពីកម្លាំងយោធា ដើម្បីបំពេញទៅតាមគោលនយោបាយចង់បានរបស់លោក ទទួលរងការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ ។
សកម្មភាពយោធារបស់អាមេរិក អាចនឹងត្រូវប៉ះពាល់ នៅពេលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចលុបគម្រោងយោធាដល់ទៅ១២៧គម្រោង ដើម្បីយកប្រាក់ពីកម្រោងនោះ ប្រមាណ ៣,៦ពាន់លានដុល្លារ ដើម្បីសាងសង់ជញ្ជាំងព្រំដែនជាប់មិចស៊ីក ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper កាលពីថ្ងៃទី៣ ខែកញ្ញា បានប្រកាសថា គម្រោងខាងលើបានផ្តល់ព័ត៌មានទៅឲ្យតំណាងរាស្ត្រ ត្រួតពិនិត្យទីតាំងយោធាណាខ្លះដែលត្រូវផ្អាកដំណើរការ ។ គម្រោងទាំងនោះបានរងការថ្កោលទោសយ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យ ។
មេដឹកនាំក្រុមដែលមានសំឡេងភាគច្រើន នៅក្នុងសភា លោក Chuck Schumer គឺជាមេដឹកនាំដំបូងគេបង្អស់ ដែលបានថ្កោលទោសទៅលើគម្រោងខាងលើ ។ ការកាត់បន្ថយការចំណាយទៅលើសកម្មភាពយោធា ប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពការពារជាតិរបស់អាម៉េរិក ។
លោក Schumer បញ្ជាក់ថា «ការសម្រេចខាងលើ នឹងបង្កឲ្យប៉ះពាល់ដល់គម្រោងសំខាន់ៗរបស់កម្លាំងទាហានរបស់អាម៉េរិក នៅទូទាំងពិភពលោក» ។ លោក Schume បន្តទៀតថា កន្លងក លោកត្រាំបានសន្យាថានឹងបង្ខំឲ្យមិចស៊ីក ចំណាយទៅលើការសាងសង់ជញ្ជាំងព្រំដែនទាំងនោះ តែពេលនេះបែរជាមកយកលុយយោធាទៅសាងសង់វិញ ។ គម្រោងយោធាអាម៉េរិកដល់ទៅ១២៧គម្រោង ត្រូវបញ្ឈប់ ដើម្បីយកប្រាក់ទាំងនោះទៅសាងសង់ជញ្ជាំង ព្រំដែនចម្ងាយ ២៨១គីឡូម៉ែត្រ៕