ផែនការប្រើប្រាស់កម្លាំងយោធាដើម្បី បំបែកទឹកដីវេណេហ្ស៊ុយអេឡារបស់ក្រុមប្រឆាំង គាំទ្រដោយអាមេរិក និងលោកខាងលិច បានបែកធ្លាយ ។ រដ្ឋាភិបាល របស់ប្រធានាធិបតីម៉ាឌូរ៉ូ បានដឹងថា នៅតំបន់ព្រំដែន កំពុងតែហ្វឹកហាត់កម្លាំងពិសេស ដើម្បីវាយលុកចូលកាន់កាប់ទឹកដីវេណេហ្ស៊ុយអេឡ ដូចអ្វីដែលបានកើតឡើងនៅក្នុងប្រទេសស៊ីរី ។
ដើម្បីទប់ស្កាត់ការឆ្លានពាន កងទ័ពវេណេហ្ស៊ុយអេឡា ដែលមានភាពស្មោះត្រង់ និងប្រធានាធិបតីបានត្រៀម ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ នៅជិតព្រំដែនកូឡុំប៊ី ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានផ្សាយនៅថ្ងៃទី៤ ខែកញ្ញា នេះថា លោកប្រធានាធិបតីវេណេហ្ស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានចេញបញ្ជាឲ្យកងកម្លាំងទាហាន ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ នៅតំបន់ ព្រំដែនជាប់នឹងប្រទេសកូឡុំប៊ី ។
ប្រភពព័ត៌មាន បានឲ្យដឹងថា សមយុទ្ធនេះនឹងធ្វើឡើង ចាប់ពីថ្ងៃទី១០ ខែកញ្ញា រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ។ ការធ្វើសមយុទ្ធខាងលើរបស់កម្លាំងទាហានវេណេហ្ស៊ុយអេឡា បានកើតឡើង ក្រោយពេលរដ្ឋាភិបាលទទួលបានព័ត៌មាន ស្តីពីការគំរាមកំហែង បង្កអសន្តិសុខ ពីប្រទេសជិតខាង ដែលគាំទ្រដោយអាម៉េរិក ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។
លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានប្រកាសថា វេណេហ្ស៊ុយអេឡា កំពុងតែប្រឈមនឹងសង្គ្រាម ក្រោមរូបភាពជាច្រើន ដើម្បីបំបែកប្រទេសវេណេហ្ស៊ុយអេឡា ជាពីរ ។ បច្ចុប្បន្នវេណេហ្ស៊ុយអេឡា បានប្រកាសអាសន្ន កម្រិតពណ៌ទឹកក្រូច នៅក្នុងតំបន់ព្រំដែន ជាប់នឹងប្រទេសកូឡុំប៊ី ហើយអាចនឹងប្រកាសអាសន្ន ជាពណ៌ក្រហម ប្រសិនបើមើលឃើញថា ស្ថានភាពនៅទីនោះ វិវឌ្ឍទៅរកសង្គ្រាម ។
នៅដើមខែកញ្ញានេះ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានបង្ហាញភស្តុតាងពីជំរំហ្វឹកហ្វឺនរបស់ក្រុមទាហាន នៅក្នុងប្រទេសកូឡុំប៊ី ត្រៀមលក្ខណៈ ដើម្បីវាយប្រហារមកលើប្រទេសវេណេហ្ស៊ុយអេឡា ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ ក៏បានចោទប្រកាន់ក្រុមដែលធ្វើឃាតលោកមិនបានសម្រេចថា ជនទាំងនោះ ក៏មកពីតំបន់នោះដូចគ្នាដែរ ។
រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ទទួលបានការគាំទ្រពីចិន និងរុស្ស៊ី លើគ្រប់វិស័យ ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម ។
កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ មេដឹកនាំគណបក្សប្រឆាំង លោក Juan Guaido បានប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសច្រើនជាង៥០ផ្សេងទៀត ។
ប៉ុន្តែមេបក្សប្រឆាំងវ័យ៣៥ឆ្នាំរូបនេះ បានបរាជ័យក្នុងការទម្លាក់ប្រធានាធិបតី វេណេស៊ុយអេឡាបច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច ហើយបរាជ័យ នេះទៀតសោត ត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថា ដោយសារតែរុស្ស៊ី ជាពិសេសគឺចិននៅតែធ្វើជាខ្នងបង្អែកដ៏ធំរបស់លោក ម៉ាឌូរ៉ូ ។
* ហេតុអ្វីបានជាវេណេស៊ុយអេឡារបស់លោក ម៉ាឌូរ៉ូ សំខាន់សម្រាប់ចិន?
ខណៈទីក្រុងប៉េកាំង គឺជាដៃគូសេដ្ឋកិច្ច និងនយោបាយមិនអាចខ្វះបានសម្រាប់ទីក្រុង ការ៉ាកាស់ ប្រជាជាតិអាមេរិកឡាទីមួយនេះក៏មានសារៈសំខាន់បំផុតសម្រាប់ចិនដែរ ។ ចិន បានចាត់ទុកវេណេស៊ុយអេឡា ដែលសម្បូរទៅដោយធនធានប្រេងជាដៃគូពាណិជ្ជកម្ម និង សម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ដើម្បីប្រជែងផ្នែកនយោបាយ និងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក ។
ជាក់ស្ដែងតាមរយៈការវិនិយោគប៉ុន្មានឆ្នាំចុងក្រោយនេះរបស់ចិន បានធ្វើឱ្យ វេណេស៊ុយអេឡាក្លាយជាសមាសភាពមួយដ៏សំខាន់ នៅក្នុងអនាគតនៃការរីកចំរើនសេដ្ឋកិច្ច ចិន និងសន្តិសុខផ្នែកថាមពល ។ ចាប់ពីឆ្នាំ ២០០០ រហូតដល់ឆ្នាំ២០១៨ ទំហំពាណិជ្ជម្ម ដោយផ្ទាល់របស់ចិន បានកើនដល់ច្រើនជាង ៦ពាន់លានដុល្លារ ខណៈកម្ចីជាពិសេសផ្ដោតលើវិស័យប្រេង ដែលចិនផ្ដល់ឱ្យវេណេស៊ុយអេឡា មានរហូតដល់ច្រើនជាង ៦០ពាន់លានដុល្លារ ។
* ហេតុអ្វីបានជាចិនមិនទុកចិត្ត លោក Juan Guaido?
បើទោះជាមានការខាតបង់សេដ្ឋកិច្ចខ្លះក៏ដោយ ក៏ចិននៅតែបន្តគាំទ្ររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដដែលមកទល់ពេលនេះ ។ ហេតុផលផ្លូវការដែលនៅពីក្រោយការគាំទ្រនេះ គឺរដ្ឋាភិបាលចិន មិនចង់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសដទៃ តែវាមិនមែនមានន័យថា ចិនសុខចិត្តឱ្យសេដ្ឋកិច្ចរបស់ខ្លួនខាតបង់ទទេនោះដែរ ។
ដោយឡែក បើនិយាយពីហេតុផលក្រៅផ្លូវការវិញ ទីក្រុងប៉េកាំង ឈរនៅខាងលោក ម៉ាឌូរ៉ូ ដោយសារតែជឿជាក់ថា ទីក្រុងការ៉ាកាស់ អាចជួយខ្លួនក្នុងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងនយោបាយជាមួយសហរដ្ឋអាមេរិក នៅក្នុងតំបន់អាមេរិកឡាទីន ។
លើសពីនេះទៅទៀត ចិនមិនទុកចិត្តមេបក្សប្រឆាំង លោក Juan Guaido ដែលមានទំនាក់ទំនងជិតស្និទនឹងទីក្រុងវ៉ាស៊ីនតោនឡើយ ហើយរឹតតែសំខាន់គឺទីក្រុងប៉េកាំង ខ្លាចរដ្ឋាភិបាល របស់លោក Guaido មិនសងបំណុលដែលជំពាក់រាប់ពាន់លានដុល្លារឱ្យខ្លួនវិញ ក្រោយពេល ដែលមេបក្សប្រឆាំងរូបនេះដណ្ដើមអំណាចពីលោក ម៉ាឌូរ៉ូ ។
គួរបញ្ជាក់ថា លោក Juan Guaido ធ្លាប់បានសន្យាថា នឹងការពារផលប្រយោជន៍របស់ចិន ក៏ដូចជាផ្ដល់ឱ្យចិន នូវសម្បទានផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសវេណេស៊ុយអេឡាល្អជាងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ទៅទៀត បើសិនជាទីក្រុងប៉េកាំងឈប់គាំទ្រលោក ម៉ាឌូរ៉ូ៕