ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីមេម៉ាយម្នាក់ត្រូវឃាតកមិនស្គាល់មុខ កាប់សម្លាប់យ៉ាងព្រៃផ្សៃស្លាប់ក្នុងថ្លុកឈាមនៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពងធំ៖ គួរឲ្យអាណោចអាធ័មណាស់ ! ស្រ្តីមេម៉ាយម្នាក់ត្រូវឃាតកមិនស្គាល់មុខ កាប់សម្លាប់រួចហើយរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍សាហាវឃោរឃៅនេះ ត្រូវបានគេប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៦ និង០០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិត្រពាំងជ្រៃ ឃុំបល័្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ឌួល ឃៀង អាយុ៥១ឆ្នាំ មុខរបរលក់នំបញ្ចុក នៅ និងតូបមុខផ្ទះរបស់ខ្លួន មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។

យោងតាមការបំភ្លឺពីឈ្មោះគុយ ឃិត ត្រូវជាកូនស្រីច្បងរបស់ស្រ្តីរងគ្រោះបានរៀបរាប់ថា ម្ដាយខ្ញុំមានកូនស្រីចំនួន៤នាក់ សុទ្ធតែមេម៉ាយទាំងអស់ ដោយសារជីវភាពខ្លះខាត ប្អូនស្រីខ្ញុំចំនួន៣នាក់បានធ្វើចំណាកស្រុកទៅធ្វើការប្រទេសថៃ សព្វថ្ងៃម្តាយខ្ញុំបានរស់នៅជាមួយចៅតូចៗ ២នាក់ដែលជាក្មេងកំព្រាឪពុក ! កន្លងមកម្ដាយខ្ញុំដែលជាស្រ្តីរងគ្រោះតែងតែលក់នំបញ្ចុកនៅតូបមុខផ្ទះជារៀងរាល់ព្រឹក ។

បើតាមសំដីអ្នកជិតខាងបានឲ្យដឹងថា ស្រ្តីរងគ្រោះជាមនុស្សល្អ មិនដែលមានទំនាស់ទាស់ទែងជាមួយនឹងអ្នកដទៃនោះទេ រៀងរាល់ថ្ងៃគាត់តែងតែលក់នំបញ្ចុកនៅខាងមុខផ្ទះរាល់ថ្ងៃ ! លុះព្រឹកថ្ងៃកើតហេតុវេលាម៉ោង៦ និង០០មិនឃើញស្រ្តីរងគ្រោះចុះមកលក់នំបញ្ចុកហើយ ឃើញចៅស្រីអាយុទើបតែ៦ឆ្នាំអង្គុយយំនៅមាត់ទ្វាផ្ទះ ក៏រត់មកសួរនាំលុះពេលឡើងដល់លើផ្ទះ ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ ហើយប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរ និងសម្ថកិច្ចដើម្បីពិនិត្យ និងធ្វើកោសលវិច្ច័យ ក្រោយពីសម្ថកិច្ចជំនាញបានពិនិត្យ និងធ្វើកោសលវិច្ច័យរួចហើយបានសណ្ឋានថា (ជាករណីអំពើឃាតកម្មប្រាកដមែន) ។ ពេលពិនិត្យសាសពរួចរាល់សម្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាតិ និងកូនចៅធ្វើបុណ្យតាមប្រពៃណី ។

មកដល់ពេលនេះ ពុំអាចទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទដើម្បី សុំការបំភ្លឺពីមន្រ្ដីជំនាញជុំវិញករណីឃាតកម្មនេះឡើយ ៕ប៊ុនរិទ្ធី

 


ចែករំលែក៖