ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងស្រស់សោភា កុមារី អាង សុជាតា ហៅ ឈូឈូ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនតាមរយៈស្នាដៃសម្តែង និងរូបសម្រស់ស្រស់សោភាទាំងវ័យក្មេង ។ កាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីតារាស្រីរូបនេះលេចមុខក្នុងការថតឈុតសម្អាងការ ដែលកាន់តែធ្វើឲ្យនាងស្រស់សោភាដូចនារីពេញវ័យផងដែរ ។
ក្រោយពីផ្អាកការងារសិល្បៈមួយរយៈដើម្បីត្រៀមប្រឡងសញ្ញាបត្រឌីប្លូម តារាសម្តែងឈូឈូ ចាប់ផ្តើមទទួលការងារជាថ្មីក្រោយប្រឡងជាប់ជាស្ថាពរ ។ នាងចាប់ផ្តើមបង្ហាញមុខលើការងារសិល្បៈក្នុងតួអង្គជាយុវវ័យហើយគឺប្តូរពីតួអង្គកុមារដូចគ្រាមុន ។ តារាស្រីវ័យ១៤ឆ្នាំរូបនេះបញ្ជាក់ថា ខែវិច្ឆិកានេះនាងឈានដល់វ័យ១៥ឆ្នាំហើយ ហើយរូបរាងក៏ប្រែប្រួលទៅតាមវ័យដែលលំបាកក្នុងការសម្តែងជាតួកុមារីដូចមុនមកសម្តែងជាឈុតឆាកយុវវ័យ ។
នាងថាថ្មីៗនេះនាងបានទទួលការសម្តែងក្នុងភាពយន្តកំប្លែងខ្លីៗសម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងរឿងបែបអប់រំផងដែរ ។ នាងថាលំបាកខ្លះដែរពេលនេះព្រោះអ្នកដឹកនាំពិបាកនឹងដាក់នាងសម្តែងក្នុតនាជាតួកុមារី ហើយជាតួមនុស្សធំក៏រាងស្ទើគឺមានតែបែបយុវវ័យទេដែលអាចសម្តែងបាន ។
នាងបញ្ជាក់ថា រឿងភាគចាប់ផ្តើមទទួលដែរប៉ុន្តែត្រូវតែមិនប៉ះពាល់ដល់ការសិក្សា ។ ក្រៅពីការសម្តែងក្នុងភាពយន្ត នាងក៏ត្រៀមបង្ហាញស្នាដៃសម្តែងក្នុងបទចម្រៀងថ្មីផ្ទាល់ខ្លួនចំនួន២បទក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ។ នាងថារូបថតដែលនាំឲ្យមានការចាប់អារម្មណ៍នោះគឺក្រោយពីទទួលឱកាសថតឈុតផ្សព្វផ្សាយសម្អាងការ ដែលដើមឡើយនាងស្ទាក់ស្ទើដែរបារម្ភខ្លាចមើលទៅមិនសម ប៉ុន្តែក្រោយពីថតរួចទទួលបានការសរសើរច្រើនពីមិត្តភ័ក្កិ និងអ្នកគាំទ្រ ។
តារាស្រីវ័យក្មេងរូបនេះរំពឹងច្រើនថា ចុងឆ្នាំនេះការងារសិល្បៈនឹងកាន់តែច្រើនព្រោះមានគម្រោងដែលទើបនឹងទទួលបានជាបន្តបន្ទាប់ ប៉ុន្តែនាងត្រូវតែលៃលករកពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សាផងដែរ៕ វឌ្ឍនា