អាមេរិកបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន ម្តងជាពីរដង ធ្វើឲ្យស្ថានភាព កាន់តែតានតឹងខ្លាំង ឡើង ។ ព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។ រដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងយកសាំងជះលើភ្លើងនៅក្នុងវិបត្តិទីក្រុងហុងកុង បន្ទាប់ពីក្រុមមេដឹកនាំបាតុករក្រុងហុងកុង បានអំពាវនាវដោយផ្ទាល់ឱ្យសមាជិកសភាអាមេរិក ដាក់សម្ពាធបន្ថែមប្រឆាំងនឹងចិន ហើយសភាអាមេរិកក៏កំពុងរៀបចំតាមសំណើនោះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) ក៏បានស្នើផងដែរឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់ នូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការគាំទ្រដល់ក្រុមបាតុករហិង្សា ព្រមទាំងក្រុមទាមទារផ្ដាច់ខ្លួននៅក្នុងទីក្រុងហុងកុង។ លោក Geng បានបន្ថែមយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ជាបន្ទាន់សកម្មភាពនានា ដែលប្រៀបបានទៅនឹងការយកសាំងទៅជះលើភ្លើង និងបំផ្លាញដល់ភាពរុងរឿង ក៏ដូចជាស្ថេរភាពរបស់ទីក្រុងហុងកុង»។
គួរបញ្ជាក់ថា លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ដែលជាប្រធានសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក នាថ្ងៃពុធសប្តាហ៍នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ជាមួយមេដឹកនាំចលនាបាតុកម្មទីក្រុងហុងកុង លោក ចូលហ័រ វ៉ុង (Joshua Wong) រួមទាំងសកម្មជនហុងកុងមួយចំនួនទៀត ដើម្បីបង្ហាញការគាំទ្រដល់សេចក្តីព្រាងច្បាប់ ដែលសំដៅលូកដៃចូលបញ្ហា នៅក្នុងទីក្រុងស្វយ័តពិសេសរបស់ចិនមួយនេះ។
ដោយឡែក គណៈកម្មាធិការពាក់ព័ន្ធនៃសភាអាមេរិក នឹងត្រូវធ្វើការបោះឆ្នោតនៅសប្តាហ៍ក្រោយលើ សេចក្តីព្រាងច្បាប់នោះដែលមានគោលដៅ គាំទ្រដល់សិទ្ធិមនុស្សនៅហុងកុង ហើយចំណាត់ការដែល ស្ថិតក្រោមការពិចារណា រួមមានការវាយតម្លៃប្រចាំឆ្នាំ លើឋានៈពិសេសរបស់ទីក្រុងហុងកុងទាក់ទិន នឹងច្បាប់កាលពីឆ្នាំ១៩៩២ របស់អាមេរិក និងការដាក់ទណ្ឌកម្មលើអ្នកដែលព្យាយាមរំលោភបំពាន សិទ្ធិមនុស្ស ឬក៏បំផ្លាញសិទ្ធិស្វ័យភាពរបស់ទីក្រុងនេះជាដើម។ យ៉ាងណាមិញមុនអាចចូលជាធរមាន បាន វាត្រូវឆ្លងកាត់ការអនុម័តពីសភាទាំងពីរជាន់ថ្នាក់របស់អាមេរិក ព្រមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ទាល់៕