បាតុកម្មទ្រង់ទ្រាយធំកើតឡើងនៅកោះហុងកុងចំថ្ងៃខួបបង្កើតបក្សកុម្មុយនីស្ត៧០ឆ្នាំ ។ ការប៉ះទង្គិចគ្នារវាងកងកម្លាំងប៉ូលិស ហើយនិងក្រុមបាតុករនៅហុងកុង កាន់តែមានសភាពខ្លាំងឡើងៗទូទាំងទីក្រុង កាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីប៉ូលិសម្នាក់បាញ់គ្រាប់ពិតទៅលើបាតុករត្រូវត្រង់ដើមទ្រូង រងរបួសជាទម្ងន់ ។
អំពើចលាចលនៅពេលនេះត្រូវបានចាត់ទុកថាជាអំពើចលាចលដ៏អាក្រក់បំផុតប្រចាំឆ្នាំនៅ ហុងកុង។ វីដេអូថតដោយក្រុមនិស្សិតបានផ្សាយថានៅក្នុងសង្កាត់Tsuen Wanមន្ត្រីប៉ូលិស ម្នាក់បានដកអាវុធបាញ់ប្រហារទៅលើយុវជនម្នាក់ ក្រោយពីអង្គភាពរបស់ប៉ូលិស រូបនោះរងការវាយប្រហារដោយក្រុមបាតុករ ប្រដាប់ដោយដំបងដែកបំពង់ទីប ហើយនិង ឆត្រ។
ប៉ូលិសបានបញ្ជាក់ថា មន្ត្រីរូបនោះបានភ័យខ្លាចជីវិតរបស់គាត់រងការវាយប្រហារ នៅពេលដែលគាត់បានបាញ់កាំភ្លើងនោះទៅលើយុវជនអាយុ១៨ឆ្នាំម្នាក់ ។ វីដេអូរបស់ប៉ូលិសផ្សព្វផ្សាយលើបណ្តាញហ្វេសប៊ុកថា «នៅវេលាម៉ោង៤រសៀល ស្ថិតនៅផ្លូវ Tai Ho សង្កាត់ Tsuen Wan ក្រុមបាតុករមួយក្រុមធំបានវាយប្រហារមកលើមន្ត្រីប៉ូលិស ។ បើទោះបីជាមានការព្រមានយ៉ាងណាក៏ដោយពីកងកម្លាំងប៉ូលិស, ពួកអ្នកវាយប្រហារនៅតែបន្តបង្កអំពើហិង្សា» ។
ប៉ូលិសបានបន្ថែមទៀតថា «អាយុជីវិតរបស់មន្ត្រីប៉ូលិសរងការគំរាមកំហែងធ្ងន់ធ្ងរ ។ ដើម្បីសង្គ្រោះជីវិតខ្លួនឯង ក៏ដូចសហការីរបស់គាត់, ប៉ូលិសបានបាញ់គ្រាប់ពិតទៅលើអ្នកវាយប្រហារ» ។ ក្រុមប៉ូលិសបានប៉ះទង្គិចជាមួយក្រុមបាតុករពាក់ម៉ាស ប្រដាប់ដោយដំបងដែកបំពង់ទីប និងឆត្រ ។
ការប៉ះទង្គិចនេះបណ្តាលឲ្យបាតុករច្រើននាក់រងរបួស ។ អ្នកនាំពាក្យមន្ទីរពេទ្យម្នាក់បានបញ្ជាក់ថា មនុស្ស៣១នាក់បានរងរបួស ត្រូវបញ្ជូនចូលកាន់មន្ទីរពេទ្យ ក្នុងនោះ២នាក់រងរបួសធ្ងន់ធ្ងរ ។
គួរបញ្ជាក់ថា បាតុកម្មនៅហុងកុង បានអូសបន្លាយពេលវេលាជាង៤ខែកន្លែងមកហើយ ប្រឆាំងនឹងច្បាប់បត្យាប័នទៅកាន់ចិនដីគោក និងទាមទារឲ្យស៊ើបអង្កេតដោយឯករាជ្យទៅលើកងកម្លាំងប៉ូលិសដែលប្រើអំពើហិង្សាមកលើក្រុមបាតុករ ។ ការប៉ះទង្គិចកាលពីយប់ថ្ងៃទី១ ខែតុលា រវាងប៉ូលិស និងបាតុករ ត្រូវគេសន្មត់ថា ជាការប៉ះទង្គិចទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ហើយមានការរាលដាលនៅទូទាំងហុងកុងនោះ ៕