ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកាត់ទោស អ្នកនយោបាយចង់ផ្តាច់ខ្លួននៅអេស្ប៉ាញ

ចែករំលែក៖

បាតុកម្មបានក្លាយទៅជាអំពើហិង្ស នៅក្នុងប្រទេសអេស្ប៉ាញ រវាងក្រុមបាតុករខឹងសម្បា នឹងកម្លាំងប៉ូលិស ។ សកម្មភាពខាងលើបានធ្វើឲ្យជើងហោះហើរ​ជាង​១០០ជើង​ប្រកាស​លុបចោល ខណៈប៉ូលិសប៉ះទង្គិចជាមួយបាតុករនៅអាកាសយានដ្ឋាន ។

ប៉ូលិស និងក្រុមបាតុករ​គាំទ្រផ្តាច់ខ្លួនស្វយ័តកាតាឡង់ ក្នុងប្រទេសអេស្ប៉ាញ​បានប៉ះទង្គិច​ជាមួយ​កម្លាំងប៉ូលិស​ស្ថិតនៅក្នុងអាកាសយានដ្ឋាន បាសេឡូណា អែលប្រាត (Barcelona El Prat) តែម្តង ដោយខឹងសម្បាថា មានការដាក់ទោសយ៉ាងយូរអង្វែង​ទៅលើអ្នករៀបចំការធ្វើប្រជាមតិទាមទារឯករាជ្យ​កាលពីឆ្នាំ២០១៧នោះ ។

ការប៉ះទង្គិចរវាងប៉ូលិស និងក្រុមបាតុករ​គាំទ្រ​ស្វយ័ត​​កាតាឡង់ ប្រទេសអេស្ប៉ាញ​នោះ បានបណ្តាលឲ្យរងរបួស​មនុស្ស​យ៉ាងតិច​៣៧នាក់ ហើយបង្ខំឲ្យជើងហោះហើរជាង​១០០ជើង​លុបចោល​ការហោះហើររបស់ខ្លួន​ថែមទៀតផង ។

គួរបញ្ជាក់ថា តុលាការប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានសម្រេចដាក់ទោស​មន្ត្រី​​នៅតំបន់​កាតាឡង់ ដែលស្ថិតនៅពីក្រោយការធ្វើប្រជាមតិ​ទាមទារឯករាជ្យ ពី​៩ឆ្នាំដល់១៣ឆ្នាំ ជាហេតុ​បង្កឲ្យមានបាតុកម្ម​យ៉ាងស្វិតស្វាញ​ពីសំណាក់​បាតុករ​ស្ថិតនៅ​តំបន់ស្វយ័ត​តែសម្បូរទៅដោយធនធាន​របស់អេស្ប៉ាញ ។

ជាមួយគ្នានេះផងដែរ តុលាការនៅចេញដីកា តាមចាប់ខ្លួនអតីត​មេដឹកនាំ​ក្រុមទាមទារឯករាជ្យ លោក Carles Puigdemont ។

ក្រោយតុលាការ​បញ្ចប់​ដំណើរការរឿងក្តីខាងលើនេះភ្លាម មនុស្សម្នា​បាននាំគ្នា​ប្រមូលផ្តុំគ្នា​នៅតាមដងផ្លូវ​ក្នុងទីក្រុងបាសេឡូណា ហើយបន្ទាប់មក​ក៏មានការដង្ហែក្បួន​បាតុកម្ម​ទៅកាន់​អាកាសយានដ្ឋានតែម្តង ។ ការប៉ះទង្គិច​ក៏បានកើតឡើង​រវាងក្រុមប៉ូលិស និងបាតុករ នៅឯអាកាសយានដ្ឋាននោះ បង្ខំឲ្យជើងហោះហើរ១០៨ជើង​ត្រូវលុបចោល និងបណ្តាលឲ្យមនុស្សរបួស​៣៧នាក់ ៕


ចែករំលែក៖