មកទល់ពេលនេះ ក្រុមអ្នករុករករបស់ប្រទេសជប៉ុនបានរកឃើញសាកសពជនរងគ្រោះក្នុងហេតុការណ៍ខ្យល់ព្យុះ បានកើនឡើងដល់៧៤នាក់ហើយ ខណៈរាប់សិបនាក់ផ្សេងទៀតនៅបាត់ខ្លួន ។
គួរបញ្ជាក់ថា ខ្យល់ព្យុះកម្លាំងខ្លាំង Hagibis ល្បឿន២១៦គីឡូម៉ែត្រ ក្នុងមួយម៉ោង បក់បោកប្រទេសជប៉ុនកាលពីថ្ងៃចុងសប្តាហ៍មុន បង្កការខូចខាតយ៉ាងខ្លាំងទាំងទ្រព្យសម្បត្តិសាធារណៈ ក៏ដូចអាយុជីវិតប្រជាពលរដ្ឋ ។
សារព័ត៌មាន NHK កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩បានផ្សាយថា ជនរងគ្រោះបាត់បង់ជីវិតបានកើន៧៤នាក់ ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀតនៅបាត់ខ្លួន ។ ប៉ុន្តែព័ត៌មានរដ្ឋាភិបាលថា ចំនួនតិចជាង៧៤នាក់នោះទេ ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានថ្លែងថា សកម្មភាពជួយសង្គ្រោះ គឺមិនមានការកាត់បន្ថយនោះឡើយ ។ កម្លាំងប្រហែល ១១០ ០០០ នាក់ រួមមានកម្លាំងឆ្មាំសមុទ្រ, ក្រុមពន្លត់អគ្គិភ័យ និងកងទ័ពចូលរួមសកម្មភាពនេះ ។
គ្រោះមហន្តរាយនេះ មនុស្សជាង ៣ពាន់នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលវាបានប៉ះពាលដល់ខេត្តចំនួន៣៦ ក្នុងចំណោម៤៧របស់ជប៉ុន ។
ព្រះចៅអធិរាជ្យ ណារូហីតូ បានក្តុកក្តួលព្រះរាជហឫទ័យឥតឧបមាចំពោះប្រជារាស្ត្រដែលរងផលប៉ះពាល់ ។
រហូតដល់រសៀលថ្ងៃទី១៥ ខែតុលា គ្រួសារប្រជារាស្ត្រជប៉ុនប្រហែល ២៤ ០០០ គ្រួសារនៅពុំទាន់មានអគ្គិសនីប្រើប្រាស់ ខណៈដែលលំនៅឋានពលរដ្ឋ១២៨ ០០០ មិនមានទឹកស្អាតប្រើប្រាស់ផងទេ ។
រាប់ពាន់នាក់ផ្សេងទៀតស្នាក់នៅក្រោមដំបូលប្រក់តង់បណ្តោះអាសន្នរបស់រដ្ឋាភិបាល, អ្នកខ្លះមិនប្រាកដប្រជាវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញទេ ៕