បាតុកម្មបានក្លាយទៅជាអំពើហិង្ស នៅក្នុងប្រទេសអេស្ប៉ាញ រវាងក្រុមបាតុករខឹងសម្បា នឹងកម្លាំងប៉ូលិស ។ សកម្មភាពខាងលើបានធ្វើឲ្យជើងហោះហើរជាង១០០ជើងប្រកាសលុបចោល ខណៈប៉ូលិសប៉ះទង្គិចជាមួយបាតុករនៅអាកាសយានដ្ឋាន ។
ប៉ូលិស និងក្រុមបាតុករគាំទ្រផ្តាច់ខ្លួនស្វយ័តកាតាឡង់ ក្នុងប្រទេសអេស្ប៉ាញបានប៉ះទង្គិចជាមួយកម្លាំងប៉ូលិសស្ថិតនៅក្នុងអាកាសយានដ្ឋាន បាសេឡូណា អែលប្រាត (Barcelona El Prat) តែម្តង ដោយខឹងសម្បាថា មានការដាក់ទោសយ៉ាងយូរអង្វែងទៅលើអ្នករៀបចំការធ្វើប្រជាមតិទាមទារឯករាជ្យកាលពីឆ្នាំ២០១៧នោះ ។
ការប៉ះទង្គិចរវាងប៉ូលិស និងក្រុមបាតុករគាំទ្រស្វយ័តកាតាឡង់ ប្រទេសអេស្ប៉ាញនោះ បានបណ្តាលឲ្យរងរបួសមនុស្សយ៉ាងតិច៣៧នាក់ ហើយបង្ខំឲ្យជើងហោះហើរជាង១០០ជើងលុបចោលការហោះហើររបស់ខ្លួនថែមទៀតផង ។
គួរបញ្ជាក់ថា តុលាការប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានសម្រេចដាក់ទោសមន្ត្រីនៅតំបន់កាតាឡង់ ដែលស្ថិតនៅពីក្រោយការធ្វើប្រជាមតិទាមទារឯករាជ្យ ពី៩ឆ្នាំដល់១៣ឆ្នាំ ជាហេតុបង្កឲ្យមានបាតុកម្មយ៉ាងស្វិតស្វាញពីសំណាក់បាតុករស្ថិតនៅតំបន់ស្វយ័តតែសម្បូរទៅដោយធនធានរបស់អេស្ប៉ាញ ។
ជាមួយគ្នានេះផងដែរ តុលាការនៅចេញដីកា តាមចាប់ខ្លួនអតីតមេដឹកនាំក្រុមទាមទារឯករាជ្យ លោក Carles Puigdemont ។
ក្រោយតុលាការបញ្ចប់ដំណើរការរឿងក្តីខាងលើនេះភ្លាម មនុស្សម្នាបាននាំគ្នាប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងបាសេឡូណា ហើយបន្ទាប់មកក៏មានការដង្ហែក្បួនបាតុកម្មទៅកាន់អាកាសយានដ្ឋានតែម្តង ។ ការប៉ះទង្គិចក៏បានកើតឡើងរវាងក្រុមប៉ូលិស និងបាតុករ នៅឯអាកាសយានដ្ឋាននោះ បង្ខំឲ្យជើងហោះហើរ១០៨ជើងត្រូវលុបចោល និងបណ្តាលឲ្យមនុស្សរបួស៣៧នាក់ ៕