ប្រទេសដែនកោះ Solomon បានសម្រេចចាកចេញពី កោះតៃវ៉ាន់ ទៅបង្កើតទំនាក់ទំនងជាមួយចិនដីគោកវិញ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិកាន់តែរឹងមាំ ។ នៅពេលនេះប្រទេសកោះមួយនេះទទួលបានលទ្ធផលយ៉ាងល្អ ដោយ ក្រុមហ៊ុនចិន បានសម្រេចជួល កោះមួយ ទាំងមូលដើម្បីអភិវឌ្ឍន៍។
ទីភ្នាក់ព័ត៌មាន AFP នៅថ្ងៃ ទី១៧ ខែតុលា បានផ្សាយថា ក្រុមហ៊ុនចិនមួយបានចុះហត្ថលេខា ជួលកោះមួយទាំងមូលរបស់ប្រទេសដែនកោះ Solomon តែមួយថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉េកាំង ទទួលយកប្រជាជាតិក្នុងតំបន់ប៉ាស៊ីហ្វិកមួយនេះជាសម្ពន្ធមិត្តយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់។
សារព័ត៌មានបារាំង AFP ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើឯកសារមួយដែលខ្លួនទទួលបាន។ យោងតាម ឯកសារនេះដដែល ខេត្តភាគកណ្ដាលនៃប្រទេសដែនកោះ Solomon បានយល់ព្រមចុះកិច្ចព្រមព្រៀងជួលកោះ Tulagi ដែលជាតំបន់មានទឹកជ្រៅសក្តិសមនឹងយោធាឈរជើង ជាមួយក្រុមហ៊ុនរដ្ឋចិន China Sam Group កាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ។ ពោលគឺការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងតែមួយថ្ងៃ ក្រោយពីចិន និង Solomon បានប្រកាសបង្កើតទំនាក់ទំនងទូតជាផ្លូវការនឹងគ្នា ដោយប្រទេសដែនកោះដ៏តូចមួយនេះយល់ព្រមផ្ដាច់ ទំនាក់ទំនងទូតជាមួយកោះតៃវ៉ាន់។
គួរបញ្ជាក់ថា Tulagi គឺជាដែនកោះមួយមានផ្ទៃតែពីរគីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅ១,២០០នាក់ ហើយក៏ ធ្លាប់ជាអតីតដែនដីអាណានិគមរបស់ជប៉ុន អំឡុងសម័យសង្រ្គាមលោកលើកទី២ផងដែរ។ ក្រុមហ៊ុន China Sam នៅថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ខ្លូនបានប្ដេជ្ញាចិត្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេស Solomon តែក្នុងវិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ នេសាទ និងទេសចរណ៍៕