ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្ដគេពីក្រុងតាខ្មៅបើកឆ្ពោះមកស្រុកស្អាងម្ចាស់រថយន្ដដឹង ប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនដែលមានសតិមិនប្រក្រតីម្នាក់ ធ្វើសកម្មភាពលួចរថយន្ដគេ ដែលទុកនៅខាងមុខផ្ទះ ខណៈដែលម្ចាស់រថយន្ដចូលក្នុងផ្ទះហូបបាយ រួចបើកឆ្ពោះមកស្រុកស្អាង ម្ចាស់រថយន្ដដឹង ប្ដឹងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដោយសហការជាមួយនគរបាលស្រុកស្អាង ធ្វើការចាប់ខ្លួន ។ ករណីលួចរថយន្ដនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៅ វិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ (មានសតិមិនប្រក្រតី) មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះឈ្មោះ ហេង សុខពៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរទិញអេតចាយមានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមកវិញរថយន្ដមួយគ្រឿងម៉ាកHYUNDAI MIGHTY ពណ៌សស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខភ្នំពេញ3B-5819 ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ជនរងគ្រោះជាម្ចាស់រថយន្ដបានទុករថយន្ដរបស់ខ្លួននៅខាងមុខដោយមានសោរនៅជាប់នឹងរថយន្ដផងដែរ ហើយខ្លួនបានចូលទៅក្នុងផ្ទះដើម្បីហូបបាយ ។ បន្ទាប់ពីហូបបាយរួច ម្ចាស់រថយន្ដចេញមកវិញ ស្រាប់តែមិនឃើញរថយន្ដរបស់ខ្លួននៅខាងមុខផ្ទះ ដោយសង្ស័យថាមានគេលួច ក៏ឆែកកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យ បានបើករថយន្ដចេញទៅតាមផ្លូវលេខ២១ ឆ្ពោះទៅទិសខាងត្បូង ដោយឆ្លងកាត់ស្រុកស្អាំង ភ្លាមនោះក៏ប្ដឹងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដើម្បីជួយអន្ដរាគមន៍ចាប់ខ្លួន។

បន្ទាប់ពីកម្លាំងនគរបាលក្រុងតាខ្មៅទទួលបានព័ត៌មានពីជនរងគ្រោះ ភ្លាមនោះ ក៏សហការជាមួយកម្លាំងនគរបាលស្រុកស្អាង ធ្វើការស្ទាក់រថយន្ដ និងចាប់ខ្លួនជនសង្ស័យបាននៅឃុំព្រែកអំបិលស្រុកស្អាង រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖