ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯម ច័ន្ទមករា៖ សូមអោយបុគ្គលលើវិស័យតុលាការខ្លះមេត្តាកុំសម្រេច ក្បត់វិជ្ជាជីវៈ ព្រោះតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន ធ្វើអោយប្រជាពលដ្ឋឈឺចាប់ និងប៉ះពាល់ដល់មុខមាត់របស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ លើ Facebook ផ្លូវការរបស់ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បញ្ចេញជាមតិចរិកសុទិដ្ឋិនិយម លើកតំកល់ផលប្រយោជន៍ជាតិជាធំ ក្នុងគំនិតការពារភាពស្របច្បាប់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងការពារមុខមាត់រាជរដ្ឋាភិបាល ខណៈយល់ឃើញថា៖ បុគ្គលនៃមន្ត្រីតុលាការខ្លះ ជាចៅក្រម ជាព្រះរាជអាជ្ញា ជាក្រឡាបញ្ជី បំពេញការងារក្បត់វិជ្ជាជីវៈ ដើម្បីផលប្រយោជន៍មិនបានហែក ស អោយដាច់ពី ខ្មៅ ខ្វះគុណធម៍ ងាយនឹងធ្វើអោយប្រជាពលរដ្ឋរងគ្រោះ។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា៖រឿងខ្លះថាមិនចង់និយាយទេ ព្រោះវាប៉ះពាល់ដល់មុខមាត់របស់រាជរដ្ឋាភិបាល ប៉ុន្តែអស់លោកមួយចំនួនក្នុងវិស័យតុលាការជាទីគោរពនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការឈឺចាប់ ពេលខ្លះស្ទើរគ្មានអ្វីប្រៀបផ្ទឹមបាន ពីភាពអយុត្តិធម៌ដែលអស់លោកតុលាការខ្លះបានផ្តល់សេចក្តីសំរេចយ៉ាងឈឺចាប់បំផុតដល់ជងរងគ្រោះ។ ពាក្យបណ្តាសារជាច្រើនដែលខ្ញុំបានឮ ហើយដែលប្រជាពលរដ្ឋរងគ្រោះពីអំពើអយុត្តិធម៌តែងឈឺចាប់ ហើយរងចាំមើលលទ្ធផលពីអំពើក្បត់ជាតិ ក្បត់វិជ្ជាជីវៈរបស់បុគ្គលមួយចំនួននោះ។

លោកបន្តថា៖ ព្រោះតែផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន អស់លោកចៅក្រម ព្រះរាជអជ្ញា ក្រឡាបញ្ជី។ល។ មួយចំនួន បានធ្វើឱ្យអ្នកដែលស្នើតែងតាំងអស់លោកនោះខកចិត្ត រងការរិះគន់ពីប្រជាពលរដ្ឋ និងបក្សដទៃពីភាពអវិជ្ជមានក្នុងវិស័យនេះ។ និយាយទៅអាណិតថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សដែលខិតខំលះបង់គ្រប់យ៉ាងដើម្បីបំពេញចិត្តរាស្ត្រ ធ្វើការគ្មានគិតសៅរ៍ឬអាទិត្យ ប៉ុន្តែងាកមកប្រព័ន្ធយុត្តិធម៌ឯនេះវិញ មន្ត្រីក្នុងប្រព័ន្ធនេះមួយចំនួនបានធ្វើឱ្យបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងពីប្រជាជនទៅបក្សនិងរដ្ឋ។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ចេញជាមតិថា៖ ខ្ញុំជឿថាយើងអាចធ្វើទៅបាន ប៉ុន្តែមិនមែនគ្រាន់តែកោះប្រជុំណែនាំ រួចអស់លោកតុលាការមួយចំនួនដែលក្បត់ជាតិ ប្រព្រឹត្តអំពើពុករលួយដោយធ្វើឱ្យគេឈឺចាប់នោះគាត់ឈប់ប្រព្រឹត្តវិញបានទេ ល្គិះណាគ្មានការស្រាវជ្រាវពិតប្រាកដពីភាពអយុត្តិធម៌នោះ។

លោកបន្តថា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាន់សម័យដើម្បីចាប់សម្លេង រូបភាព និងតាមដានសកម្មភាពប្រព្រឹត្តអំពើពុករលួយរបស់ពួកគាត់ គួរត្រូវបានលើកយកមកពិចារណាប្រើប្រាស់។ រាល់កិច្ចដំណើរស៊ីបសួរ ការរក្សាទុកផស្តុតាង និងដំណើរការកាត់ក្តីក៏គួរត្រូវបានថតជាវីដេអូរក្សាទុក និងពិចារណាក្នុងកម្រិតតាមដានវិនិច្ឆ័យខ្ពស់ដោយតាមបែបឌីជីថលឬបច្ចេកវិទ្យាខ្ពស់ទាន់សម័យ។
ការដកសក្តិ ការដាក់ទោសទណ្ឌលើបុគ្គលប្រព្រឹត្តអំពើពុករលួយដែលបានធ្វើឱ្យជនរងគ្រោះមានការឈឺចាប់គ្មានថ្ងៃស្វាង ក៏គួរត្រូវបានពង្រឹងនិងឃ្លាំមើលជាប់ជានិច្ច រួមទាំងមធ្យបាយជាច្រើនទៀតដើម្បីរួមគ្នាកែប្រែប្រព័ន្ធយុត្តិធម៌នេះ ឱ្យរិតតែមានតម្លាភាពពិតប្រាកដនាពេលខាងមុខ។ យន្តការតាមដាននិងត្រួតពិនិត្យភាពយុត្តិធម៌គឺជារឿងអាទិភាពសំខាន់ណាស់ដែលគួរពិចារណាកែសម្រួល។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ថា៖ ជាចុងក្រោយ ខ្ញុំជឿថាយើងធ្វើបាន ដើម្បីយុត្តិធម៌ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាគ្រប់រូប ពិសេសកិត្តិយស កិត្យានុភាពរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ និងគណបក្សប្រជាជនកម្ពុជា!..៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖