ព័ត៌មានទាន់ហេតុការណ៍៖

ស្តេចថៃកំពុងតែប្រមូលអំណាចមកក្នុងដៃ ក្រោយក្តោបក្តាប់កងពលយោធាដ៏សំខាន់

ចែករំលែក៖

ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលទើបតែឡើងគ្រោងរាជ្យថ្មីៗ បានចេញព្រះ រាជក្រិត្យមួយដែលផ្ទេរយោធាពីរកងពលទៅឲ្យស្ថិតក្រោមរាជបញ្ជារបស់ស្តេច។

សកម្មភាពខាងលើ បានធ្វើឲ្យ សមាជិកមួយចំនួននៃបក្សប្រឆាំងនៅក្នុងសភាជាតិថៃ បានជំទាស់ទៅនឹងក្រិត្យ​បន្ទាន់មួយ (Emergency Decree) ដែលត្រូវបានរៀបចំ​ឡើងដើម្បីផ្ទេរ​យោធាចំនួនពីរកងពល ឲ្យទៅស្ថិតនៅក្រោមព្រះរាជបញ្ជានៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ខណៈអ្នកនយោបាយថៃមួយរូបបានលើកឡើងថា ទង្វើនេះគឺមិនសមស្របទៅតាមបែបបទ នៃរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញឡើយ។

មេដឹកនាំនៃគណបក្សឆ្ពោះទៅរកអនាគត (Future Forward Party) លោក ភីយ៉ាបុត្រ សែងកាណូកគុល (Piyabutr Saengkanokkul) បាននិយាយថា រាជក្រិត្យពាក់ព័ន្ធនឹង​កងកម្លាំងយោធា ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ គឺត្រូវបានប្រើប្រាស់ដោយមិនត្រឹមត្រូវ ចំពោះបទបញ្ញតិបន្ទាន់មួយនៃរដ្ឋធម្មនុញ្ញ ដើម្បីរំលងការពិភាក្សាក្នុងសភា បើទោះបីជាបញ្ហានេះត្រូវបានលើកឡើង ដោយសមាជិកសភាភាគច្រើននៅថ្ងៃព្រហស្បតិ៍នេះក៏ដោយ។

តាមរយៈក្រឹត្យខាងលើនេះ គឺតម្រូវឲ្យមានការផ្ទេរបញ្ជាការដ្ឋាន នៃកងវរសេនាតូចថ្ញើរជើងលេខ ១ និង ១១ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក និងស្ថិតក្រោមអគ្គបញ្ជាការដ្ឋានយោធាថៃនោះ ទៅឲ្យស្ថិតក្រោមបង្គាប់នៃបញ្ជាការដ្ឋានការពារសន្តិសុខ នៃព្រះមហាក្សត្រថៃវិញ។ ប្រធានបក្សប្រឆាំងខាងលើនេះបានសង្កត់ធ្ងន់ទៀតថា គ្មានភាពអាសន្នភ្លាមៗណាមួយ ដែលបានផ្តល់ភាពស្របច្បាប់ដល់ក្រឹត្យខាងលើនេះឡើយ។ បន្ថែមពីខាងលើនេះ Piyabutr Saengkanokkul ក៏បានរិះគន់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ផងដែរថាកំពុងបន្តការដឹកនាំប្រទេស តាមលំនាំនៃមេដឹកនាំយោធាដដែល។

គួរបញ្ជាក់ថា បើតាមអ្នកតាមដានស្ថានការណ៍នៅប្រទេសថៃ នេះគឺជាលើកទីមួយហើយដែល សមាជិកសភាថៃហ៊ានចេញមុខ ដើម្បីតស៊ូមតិជាសាធារណៈចំពោះការរៀបចំនីតិវិធីច្បាប់ ដែលពាក់ព័ន្ធទៅនឹងរាជវង្សបែបនេះ។ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន បានឡើងគ្រង់រាជសម្បត្តិជាផ្លូវការពេញលេញ កាលពីខែឧសភាកន្លងទៅនេះ បន្ទាប់ពីព្រះបិតារបស់ទ្រង់គឺព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦៕


ចែករំលែក៖