ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិងតួកគីកំពុងតែពុះទឹកដីស៊ីរី​ចែកគ្នា ក្រោយទាមទារបង្កើតតំបន់ស្វ័យភាព ឲ្យក្រុមជនជាតិឃឺដ

ចែករំលែក៖

សារព័ត៌មាន Sputnik ​នៅថ្ងៃទី​១៨ ខែតុលា​នេះ បានផ្សាយថា រដ្ឋាភិបាលស៊ីរី​បាន បដិសេធគំនិតចង់បង្កើតតំបន់ស្វយ័ត ឲ្យពួកឃើដក្នុងទឹកដីស៊ីរី និងចាត់ទុកបទ​ឈប់បាញ់ជាភាពមិនច្បាស់លាស់ ។

ទីប្រឹក្សានយោបាយប្រធានាធិបតីស៊ីរី លោក បូថៃណា ហ្សាអាបាន (Bouthaina Shaaban) បានចាត់ទុកថា បទឈប់បាញ់រវាងតួកគី និងសហរដ្ឋអាមេរិក​នៅតំបន់ភាគខាង​ជើងនៃ​ប្រទេសស៊ីរីនៅតែមានភាពមិនច្បាស់លាស់ ហើយទីក្រុងដាម៉ាស់ ជំទាស់ជាដាច់​ខាតនូវ​គំនិតចង់បង្កើតតំបន់ស្វយ័ត ឃើឌីស្ថាន (Kurdistan)។ លោក Bouthaina Shaaban បាន​គូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ អាល់ម៉ាយ៉ាឌីន (al-Mayadeen) ដូច្នេះ​ថា «ទឹកដីស៊ីរីគា្មនកន្លែងទំនេរសម្រាប់តំបន់ស្វយ័ត Kurdistan… យើងក៏នឹងមិន​ជជែក​ពី​រឿងនេះដែរ ពីព្រោះវាគ្មានហេតុផលណាមួយ ត្រូវអនុញ្ញាត​ឱ្យតំបន់ស្វយ័ត​បង្កើតឡើង នៅក្នុងប្រទេសស៊ីរីនោះទេ»។ លោក Shaaban បន្ថែមទៀតថា គំនិតចង់​បង្កើតតំបន់​សុវត្ថិភាពរបស់តួកគីនៅលើទឹកដីស៊ីរី គឺជារឿងមិនត្រឹមត្រូវ ដ្បិតអ្វីដែល​ទីក្រុងអង់ការ៉ាកំពុងធ្វើនោះ គឺការធ្វើអាណានិគមលើតំបន់មួយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគីបានយល់ព្រមផ្អាកប្រតិបត្តិការយោធា វាយលុកចូលតំបន់​ភាគខាងជើងប្រទេសស៊ីរីហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីទុកពេលឱ្យក្រុម​សកម្ម​ប្រយុទ្ធឃើដដកចេញពីតំបន់សុវត្ថិភាព មួយសម្រាប់ជនភៀស​ខ្លួនស៊ីរីនៅតាមព្រំ​ដែន​រវាងស៊ីរី និងតួកគី។

បទឈប់បាញ់ខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបរវាងអនុប្រធានាធិបតីអាមេរិក លោក Mike Pence និងប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) នៅក្នុងទីក្រុងអង់ការ៉ា។ បទឈប់បាញ់នេះមានរយៈពេល ០៥ថ្ងៃ ហើយសហរដ្ឋ​អាមេរិកបានយល់ព្រមជួយសម្រួល ដល់ការដកកងកម្លាំងឃើដចេញ​ពីតំបន់សុវត្ថិភាព​របស់តួកគី។

ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើក្រុមសកម្មប្រយុទ្ធឃើដ YPG នឹងអនុវត្តតាមបទឈប់បាញ់នេះ ឬយ៉ាងណានោះទេ ខណៈទីក្រុងអង់ការ៉ា ក៏បានសង្កត់ធ្ងន់ដែរថាការផ្អាកនេះមិនមានន័យថា តួកគីបញ្ឈប់ប្រតិបត្តិការយោធារបស់នោះទេ ពោលគឺប្រតិបត្តិការយោធានឹងត្រូវបញ្ចប់ លុះត្រាតែឃើដដកចេញពីតំបន់សុវត្ថិភាពទាំងស្រុង។

ប្រតិបត្តិការសន្តិភាព​និទាឃរដូវ​របស់ប្រទេសតួកគី​នៅភាគខាងជើង​ទឹកដីស៊ីរី ប្រឆាំងទៅលើងកម្លាំងជនជាតិឃឺដ​នោះ មកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ត្រូវបានអាមេរិកអះអាងថា បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ខណៈដែលមន្ត្រីជាន់ខ្ពស់អាមេរិក​បានទៅចរចាដោយផ្ទាល់​​​នៅប្រទេសតួកគី ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការប្រកាសនេះ​របស់អាមេរិក​មិនបានប៉ុន្មានផង ភាគី​តួកគី​អះអាងថា មិនមែនជាបទឈប់បាញ់នោះទេ វាជាការផ្អាកប្រយុទ្ធបណ្តោះអាសន្នប៉ុណ្ណោះ ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ម៉ាយ ប៉ែន (Mike Pence) ព្រមទាំង​លោករដ្ឋ​មន្ត្រីក្រសួងការបរទេស​អាមេរិក ម៉ាយ ប៉ុមផេវ (Mike Pompeo)​បានទៅដល់​ប្រទេសតួកគី​ជួបពិភាក្សា​ចរចាគ្នាជាមួយ​ប្រធានាធិបតីតួកគី រីសីប តៃជីប អ៊ីដូហ្គាន (Recep Tayyip Erdoğan) កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ស្តីអំពីបញ្ហាលុកលុយ​ប្រឆាំង​ក្រុមជនជាតិឃឺដ​​នៅភាគខាងជើងទឹកដីស៊ីរី ។

ក្រុមកម្លាំងជនជាតិឃឺដ​ក្នុងទឹកដីស៊ីរី អតីតជាសម្ពន្ធមិត្ត​របស់អាមេរិក​​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុមភេរវកម្ម IS ។ ប៉ុន្តែ​ថ្មីៗនេះ លោកដូណាល់ ត្រាំ បានបញ្ជាឲ្យដកកម្លាំង​ទាហានអា​មេ​រិក​​ចេញពីទឹកដីស៊ីរី ធ្វើឲ្យតួកគី​បានឱកាសល្អ​ប្រកាសលុកលុយ​ទឹកដីស៊ីរី កម្ចាត់ក្រុម​ឃឺត​ក្រោមលេស​«ប្រតិបត្តិការសន្តិភាពនិទាឃរដូវ»​។

រដ្ឋាភិបាលតួកគី​និងកងកម្លាំងជនជាតិ​ឃឺដ ប្រៀបដូច​ទឹក ហើយនឹងប្រេង មិនអាចបញ្ចូល​គ្នាបានឡើយ ។ បើមានមួយ ដាច់ខាតត្រូវតែអត់មួយ ។ តួកគីចាត់ទុក​ក្រុមឃឺដនៅស៊ីរី​ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយ​គណបក្សពលករជនជាតិឃឺដ​ ជាគណបក្ស​​ដែលតួកគីចាត់​ទុកថាក្រុមបញ្ជីខ្មៅ ហើយនឹងត្រូវបោសសម្អាត ។

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ តួកគីប្រកាស​ឈ្លានពាននៅភាគខាងជើង​ទឹកដីស៊ីរី ដើម្បីប្រឆាំង​ទៅលើ​កងកម្លាំង​ជនជាតិឃឺដ ។ សហគមន៍អន្តរជាតិ​បានថ្កោលទោស​បេសកកម្មរបស់តួកគី​នេះយ៉ាងខ្លាំង ក្នុងនោះ​មានការគំរាមកំហែងដាក់ទណ្ឌកម្មផងដែរ​ពីសំណាក់មហាអំណាច ។

បន្ទាប់ពីជំនួបចរចា​រវាងមន្ត្រីជាន់ខ្ពស់អាមេរិក ម៉ៃ ប៉ែន ជាមួយ​លោក អ៊ីដូហ្គាន នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងតំបន់​បានផ្សាយថា លោក ម៉ៃ ប៉ែន បានបញ្ជាក់ថា នៅពេលនេះ សហរដ្ឋអាមេរិក និងតួកគី​បានព្រមព្រៀងឈប់បាញ់​មួយ​នៅក្នុងទឹកដីស៊ីរី ។ កិច្ចព្រមព្រៀងឈប់បាញ់​នោះ មានរយៈពេល​១២០ម៉ោង ដើម្បី​អនុញ្ញាតឲ្យ​កងកម្លាំង​ អង្គភាពការពារប្រជាជន (YPG) ទៅកាន់តំបន់មានសុវត្ថិភាព ។

លោក Mevlut Cavusoglu រដ្ឋមន្ត្រីក្រសួងការបរទេសតួកគី​បានថ្លែងថា មិនមែនជាបទឈប់បាញ់ទេ ប៉ុន្តែជាការផ្អាក​នៅក្នុងប្រតិបត្តិការ​សន្តិភាពនិទាឃរដូវប៉ុណ្ណោះ ៕


ចែករំលែក៖