ព័ត៌មានទាន់ហេតុការណ៍៖

ប្រេស៊ីល និងវេណេហ៊្សុយអេឡា ឈ្នះកៅអីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

ចែករំលែក៖

អាមេរិកតែងតែ​ចោទប្រកាន់វេណេហ៊្សុយអេឡាថាបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ ប៉ុន្តែពេលនេះ វេណេហ្ស៊ុយអេឡា បានជាប់ឆ្នោត កៅអី​សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ​។

ប្រទេសវេណេហ្ស៊ុយអេឡា​បានឈ្នះ​​នៅក្នុងការប្រកួតប្រជែង​មួយ ​ដើម្បី​​កៅអី​សិទ្ធិមនុស្ស​របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បើទោះបីអង្គការប្រមាណ​ជាង​៥០​ ក៏ដូចប្រទេសជាច្រើនផ្សេងទៀត ​បានធ្វើយុទ្ធនាការ​ប្រឆាំង​​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡារបស់លោកនីកូឡាស់ ម៉ាឌូរូ​ ដោយសារតែរំលោភសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ។

មានការអបអរទះដៃ​យ៉ាងកងរំពង​សាទរ​​នៅឯអង្គមហាសន្និបាត នៅពេលដែល​មានការ​ប្រ​កាសលទ្ធផល​​កៅអីសិទ្ធិមនុស្សចំនួន​ពីរ​សម្រាប់ប្រទេស​នៅតំបន់អាមេរិក-ឡាទីន ។ ប្រ​ទេស​​ប្រេស៊ីល​បានឈ្នះសំឡេង​១៥៣សំឡេង, បន្ទាប់មក ប្រទេសវេណេហ្ស៊ុយអេឡា​ទ​ទួលបានសំឡេង​១០៥សំឡេង ខណៈដែលប្រទេស កូស្តារីកា បានសំឡេង​៩៦សំឡេង ។

រដ្ឋមន្ត្រីក្រសួងការបរទេស​វេណេហ្ស៊ុយអេឡា លោក Jorge Arreaza បានហៅ​លទ្ធផល​បោះឆ្នោតនេះថា «ជ័យជំនះមួយ» ក្រោយពី​យុទ្ធនាការ​ប្រឆាំង​ដ៏ខ្លាំងក្លា​ពីសំណាក់​សហរដ្ឋ​អាមេរិក និងប្រទេស​ជាដៃជើង​របស់គេ។

រដ្ឋបាលលោកដូណាល់ ត្រាំ​បានទទួលស្គាល់​មេបក្សប្រឆាំង ជួន កាយដូ ជាប្រធានាធិបតី​បណ្តោះអាសន្នវេណេហ្ស៊ុយអេឡា ។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក Kelly Craft បានចាត់ទុក វត្តមាន​រដ្ឋាភិបាលរបស់លោក ម៉ាឌូរូ នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនោះថា «ជាភាពអាម៉ាស់​ចំពោះ​អង្គការសហប្រជាជាតិ និងជាសោកនាដកម្ម​មួយរបស់ប្រជាជនវេណេហ្ស៊ុយអេឡា» ។

លោកស្រី Craft ថ្លែងការណ៍ថា ប្រទេសមួយដែលជាអ្នករំលោភសិទ្ធិមនុស្សដ៏អាក្រក់បំផុត​ក្នុងលោក អាច​ទទួលបានកៅអី​មួយនៅក្នុង​អង្គការមួយ​ដែល​គិតថា​ជាអ្នកដើម្បីការពារសិទ្ធិមនុស្ស​នោះ គឺជារឿងមួយគួរឲ្យរន្ធត់ជាទីបំផុត ៕


ចែករំលែក៖