ប៉ូលិសអង់គ្លេសបានរកឃើញសាកសពនៅក្នុងរថយន្តដឹកទំនិញ ធ្វើឲ្យកក្រើកប្រទេសអង់គ្លេស ដោយនេះជាការសម្លាប់មនុស្សទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រ ។ ប៉ូលិសអង់គ្លេសកាលពីថ្ងៃទី២៣ខែតុលា បានរកឃើញសាកសពមនុស្ស ៣៩នាក់នៅក្នុងរថយន្តដឹកទំនិញ ក្នុងតំបន់ឧស្សាហកម្ម ភាគខាងកើតទីក្រុងឡុងដុង ហើយបានចាប់ខ្លួនអ្នកបើកបរដោយសង្ស័យថាបានសម្លាប់មនុស្ស។
អ្នកនាំពាក្យកម្លាំងប៉ូលិស តំបន់ Essexបានឲ្យដឹងថា រថយន្តខាងលើ ធ្វើដំណើរមកពីប្រទេស ប៊ុលហ្គារី ចូលទៅក្នុងប្រទេសអង់គ្លេស ឆ្លងកាត់ទីក្រុង Holyhead ប្រទេស Wales ។ក្នុងចំណោមសាកសព៣៩នាក់ មាន ៣៨នាក់ជាមនុស្សពេញវ័យ និងកុមារម្នាក់។ ប៉ូលិសបានចាប់ខ្លួនអ្នកបើកបររថយន្ត មានអាយុ២៥ឆ្នាំ មកពីតំបន់អៀកឡង់ខាងជើង ដើម្បីស៊ើបសួរ និងបើកការស្រាវជ្រាវពីបទសម្លាប់មនុស្សយ៉ាងច្រើនបែបនេះ។ តំបន់ឧស្សាហកម្ម Waterglade ត្រូវបានបិទដម្បីត្រួតពិនិត្យ ។
លោក Andrew Mariner ស្នងការប៉ូលិសស្រុក Essex បានបញ្ជាក់ថា «យើងបានចាប់ខ្លួនអ្នកបើកបរ អាចជាប់ពាក់ព័ន្ធការសម្លាប់មនុស្សខាងលើ ។បុរសរូបនោះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ។ ពេលនេះក្រុមជំនាញកំពុងតែស្រាវជ្រាវបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ។
ប្រតិកម្មចំពោះហេតុការខាងលើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានបញ្ជាក់ថាលោកពីតជា តក់ស្លុតយ៉ាងខ្លាំង ពេលទទួលបានព័ត៌មាន មានសាកសពដល់ទៅជិត៤០នាក់ក្នុងរថយន្តដឹកទំនិញ។ លោកបានបញ្ជារឲ្យក្រសួងមហាផ្ទៃ សហការជាមួយប៉ូលិសក្នុងតំបន់ដើម្បីស្រាវជ្រាវបញ្ជាក់ការពិត ៕