ព័ត៌មានទាន់ហេតុការណ៍៖

តុលាការធម្មនុញ្ញរកឃើញថា មេបក្សប្រឆាំងថៃ​ រំលោភបំពាន​លើច្បាប់បោះឆ្នោត​ប្រាកដមែន

ចែករំលែក៖

តុលាការ​ធម្មនុញ្ញា​របស់ប្រទេសថៃ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩​ បាន​​ប្រកាសផ្តន្ទាទោស​ មេដឹកនាំ​ប្រឆាំង​ លោក Thanathorn Juangroongruangkit ពីបទរំលោភបំពាន​ច្បាប់បោះឆ្នោត ។ ដូច្នេះ​អភ័យ​ឯកសិទ្ធិ​ជាតំណាងរាស្ត្រ​របស់គាត់​ត្រូវបានដកហូត, រារាំង​មិនឲ្យចូលធ្វើនយោបាយ​​ និងជាប់ពន្ធនាគារ​ផងដែរ ។

យោងតាមការចេញផ្សាយរបស់បណ្តាញព័ត៌មានប្រទេសថៃ ខៅសត (khaosod)​ បានបញ្ជាក់ថា លោក Thanathorn មេដឹកនាំគណបក្ស​ឆ្ពោះទៅរកអនាគត ដែលជាគណបក្ស​ប្រឆាំង​ដ៏ល្បីល្បាញ​នៅក្នុងប្រទេសថៃ​នោះ ត្រូវបានតុលាការធម្មនុញ្ញ​ថៃ ​រកឃើញ​ថា បានប្រព្រឹត្តទោស​កំហុស​ដូចការចោទប្រកាន់​នោះប្រាកដមែន គឺពាក់ព័ន្ធនឹងការគ្រប់គ្រង​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយព័ត៌មាន​​មួយ គ្រាដែល​លោក​បាននិងកំពុងចុះ​ឈ្មោះ ​ប្រកួតប្រជែង​ការបោះឆ្នោត​កាលពីខែ​មីនា ឆ្នាំ២០១៩នោះ ។ ការគ្រប់គ្រងភាគហ៊ុន​នៅក្នុងក្រុមហ៊ុន​ផ្សព្វផ្សាយព័ត៌មានរបស់បេក្ខជន​ដែលចុះឈ្មោះ​ប្រកួតប្រជែង​ការបោះឆ្នោត​ គឺត្រូវបានហាមឃាត់តាមច្បាប់បោះឆ្នោត ។

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ ជាបន្តបន្ទាប់បានដកហូតអភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​របស់មេដឹកនាំគណបក្សប្រឆាំងរូបនេះ គឺនៅក្រោយពេលដែល​តុលាការ ​បានព្រមទទួលបណ្តឹង​​​ពីគណៈកម្មការរៀបចំការបោះឆ្នោត ដែលប្តឹងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ប្រឆាំង​ទៅលើមេបក្សប្រឆាំង​រូបនេះជាលើកដំបូង ព្រមទាំងផ្អាក​តួនាទីទាំងអស់របស់គាត់ ដែលមានទាំងប៉ុន្មាននៅក្នុងរដ្ឋសភានោះ ​។

ជាមួយគ្នានេះដែរ លោក Thanathorn នៅបានប្រឈមមុខនឹងការជាប់ពន្ធនាគារ និងហាមឃាត់​មិនឲ្យចូលរួម​ធ្វើនយោបាយ​រយៈពេល២០ឆ្នាំ តាមច្បាប់បោះឆ្នោត​ថែមទៀតផង ។

លោក Thanathorn បានថ្លែងថា គាត់​បានលក់​ភាគហ៊ុន​នៅក្នុងក្រុមហ៊ុនព័ត៌មាន V-Luck នោះ តាំងតែពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩​ មកម្ល៉េះ ដែលស្របទៅតាមច្បាប់បោះឆ្នោត ។ ប៉ុន្តែចៅក្រម​បានអះអាងថា រកមិនឃើញភស្តុតាង​ជាក់លាក់នោះទេ ​នៅក្នុង​ការផ្ទេរ​ភាគហ៊ុនទាំងនោះ ដែលមូលហេតុនេះហើយ ទើបតុលាការធម្មនុញ្ញសម្រេច​សាលក្រម​​ចោទប្រកាន់​ទោស​កំហុស​ជាផ្លូវការ​តែម្តង ៕


ចែករំលែក៖