ភ្នំពេញ៖ អេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន CSCC ធ្វើការធ្វេសប្រហែសគ្មានការយកចិត្តទុកដាក់បណ្ដាលចរន្តអគ្គិសនីនៅតំបន់មួយចំនួនត្រូវបានដាច់ ខណៈដែលក្រុមហ៊ុនមួយនេះបានឲ្យគ្រឿងចក្រអេស្កាវ៉ាទ័រកាយដីដាក់លូមិនប្រយ័ត្នប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផេករបស់អគ្គិសនីកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F6B) មូលហេតុ ដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន CSCC កាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ មហាវិថីព្រះនរោត្តម និងមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា ក្រោយកើតហេតុក្រុមការងារបច្ចេកទេស បានធ្វើការផ្លាស់ប្ដូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៥ និង៤៦នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ អគ្គិសនីកម្ពុជាសូមអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ ៕ស តារា