ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាទទួលបានជោគជ័យក្នុងការបញ្ជូនផ្កាយរណបឡើងទៅកាន់តារាវិថីផែនដី

ចែករំលែក៖

ក្រុមវិទ្យាសាស្ត្រអវកាសឥណ្ឌានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឥណ្ឌា​បានបាញ់បង្ហោះផ្កាយរណប​ CARTOSAT-3​ ប្រកបដោយជោគជ័យ ។ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ឬហៅកាត់ថា ISROនោះ បានបាញ់បង្ហោះផ្កាយរណប ឈ្មោះ CARTOSAT-3 ដែលមានតួនាទីអង្កេតនិងចាប់យករូបភាពអំពីផែនដី​​ប្រកបដោយគុណភាពខ្ពស់នោះ ចូលទៅកាន់​គន្លងតារា​វិថី​ប្រកបដោយជោគជ័យ ។ ការបាញ់បង្ហោះនេះគឺបាញ់ចេញពីជើងទម្ររបស់មជ្ឈមណ្ឌលអវកាស Satish Dhawan(SHSC) ។

ផ្កាយរណប Cartosat-3 ដែលឥណ្ឌាបានបាញ់បង្ហោះចូលគន្លងតារាវិថី​នៅពេលនេះ គឺជាប្រភេទ​ផ្កាយរណប​ដ៏ទំនើប និងសំខាន់​បំផុត​សម្រាប់ចាប់យករូបភាព និង​អង្កេត​មើលសកម្មភាព​​​នៅតាមបន្ទាត់ព្រំដែន ​ជួយដល់កងកម្លាំងទាហាន​ឥណ្ឌា ។ ISRO បាន​ប្រកាស​ថា «ផ្កាយរណបពាណិជ្ជកម្ម​ចំនួន១៣ ត្រូវ​​​​បានបាញ់បង្ហោះប្រកបដោយជោគជ័យ​ចូលក្នុងគន្លងតារាវិថី​ដែលបាន​កំណត់រួចជាស្រេចនោះ» ។

ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO)​ លោក KV Sivan បានថ្លែង​ក្នុងសន្និសីទកាសែត​ បន្ទាប់ពីបាញ់បង្ហោះផ្កាយរណបនេះ​ប្រកបដោយជោគជ័យ​នោះថា «​ផ្កាយរណប Cartosat 3 គឺជាផ្កាយរណបស៊ីវិល​ ដែល​មាន​សមត្ថភាព​ចាប់យករូបភាព​គុណភាពខ្ពស់បំផុត​របស់ឥណ្ឌា ។ វាមានការស្មុគស្មាញខ្លាំងណាស់ដែរ​ ។ វាជាផ្កាយរណប​អង្កេត​ដែលទំនើបបំផុត​ចុងក្រោយ​ផលិតឡើងដោយ​អង្គការស្រាវជ្រាវអវកាស​ប្រទេសឥណ្ឌា ។ យើង​មានបេសកកម្ម​ចំនួន​១៣ រហូតដល់​ខែមីនា ឆ្នាំ២០១០ ។ បេសកកម្ម​ទាំង​១៣នេះ រួមមាន​បេសកម្មដោយយាន​ចំនួន​៦ និង​បេកកម្ម​ដោយផ្កាយរណបចំនួន​៧​…» ។

ការបាញ់បង្ហោះផ្កាយរណប​ឥណ្ឌានៅពេលនេះ បន្ទាប់​ពីកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០១៩ ឥណ្ឌា​បានទទួលបរាជ័យ ​ក្នុង​បេសកកម្ម​ចុះចត យាន Chandrayaan-2 នៅក្បែរប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ។ កាលណោះ នៅក្រោយរយៈពេលតែ១០នាទីប៉ុណ្ណោះ នៃការព្យាយាមចុះចតនោះ យានទាំងមូលបានបាត់ដំណឹង ហើយភ្លាមៗអង្គការអវកាសឥណ្ឌា ISRO នៅតែព្យាយាមទាក់ទងយាននោះ ដោយបានប្រើរយៈពេលជាង ១០ថ្ងៃ ប៉ុន្តែមិនទទួលបានដំណឹងអ្វីឡើយ ៕


ចែករំលែក៖