ក្រុមវិទ្យាសាស្ត្រអវកាសឥណ្ឌានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឥណ្ឌាបានបាញ់បង្ហោះផ្កាយរណប CARTOSAT-3 ប្រកបដោយជោគជ័យ ។ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ឬហៅកាត់ថា ISROនោះ បានបាញ់បង្ហោះផ្កាយរណប ឈ្មោះ CARTOSAT-3 ដែលមានតួនាទីអង្កេតនិងចាប់យករូបភាពអំពីផែនដីប្រកបដោយគុណភាពខ្ពស់នោះ ចូលទៅកាន់គន្លងតារាវិថីប្រកបដោយជោគជ័យ ។ ការបាញ់បង្ហោះនេះគឺបាញ់ចេញពីជើងទម្ររបស់មជ្ឈមណ្ឌលអវកាស Satish Dhawan(SHSC) ។
ផ្កាយរណប Cartosat-3 ដែលឥណ្ឌាបានបាញ់បង្ហោះចូលគន្លងតារាវិថីនៅពេលនេះ គឺជាប្រភេទផ្កាយរណបដ៏ទំនើប និងសំខាន់បំផុតសម្រាប់ចាប់យករូបភាព និងអង្កេតមើលសកម្មភាពនៅតាមបន្ទាត់ព្រំដែន ជួយដល់កងកម្លាំងទាហានឥណ្ឌា ។ ISRO បានប្រកាសថា «ផ្កាយរណបពាណិជ្ជកម្មចំនួន១៣ ត្រូវបានបាញ់បង្ហោះប្រកបដោយជោគជ័យចូលក្នុងគន្លងតារាវិថីដែលបានកំណត់រួចជាស្រេចនោះ» ។
ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) លោក KV Sivan បានថ្លែងក្នុងសន្និសីទកាសែត បន្ទាប់ពីបាញ់បង្ហោះផ្កាយរណបនេះប្រកបដោយជោគជ័យនោះថា «ផ្កាយរណប Cartosat 3 គឺជាផ្កាយរណបស៊ីវិល ដែលមានសមត្ថភាពចាប់យករូបភាពគុណភាពខ្ពស់បំផុតរបស់ឥណ្ឌា ។ វាមានការស្មុគស្មាញខ្លាំងណាស់ដែរ ។ វាជាផ្កាយរណបអង្កេតដែលទំនើបបំផុតចុងក្រោយផលិតឡើងដោយអង្គការស្រាវជ្រាវអវកាសប្រទេសឥណ្ឌា ។ យើងមានបេសកកម្មចំនួន១៣ រហូតដល់ខែមីនា ឆ្នាំ២០១០ ។ បេសកកម្មទាំង១៣នេះ រួមមានបេសកម្មដោយយានចំនួន៦ និងបេកកម្មដោយផ្កាយរណបចំនួន៧…» ។
ការបាញ់បង្ហោះផ្កាយរណបឥណ្ឌានៅពេលនេះ បន្ទាប់ពីកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ឥណ្ឌាបានទទួលបរាជ័យ ក្នុងបេសកកម្មចុះចត យាន Chandrayaan-2 នៅក្បែរប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ។ កាលណោះ នៅក្រោយរយៈពេលតែ១០នាទីប៉ុណ្ណោះ នៃការព្យាយាមចុះចតនោះ យានទាំងមូលបានបាត់ដំណឹង ហើយភ្លាមៗអង្គការអវកាសឥណ្ឌា ISRO នៅតែព្យាយាមទាក់ទងយាននោះ ដោយបានប្រើរយៈពេលជាង ១០ថ្ងៃ ប៉ុន្តែមិនទទួលបានដំណឹងអ្វីឡើយ ៕