ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយជប៉ុន! រញ្ជួយដី​កម្រិត​៦រ៉ិចទ័រ វាយប្រហារ​កោះ​ IZU

ចែករំលែក៖

ជប៉ុនគឺជាប្រទេសដែលរងគ្រោះធម្មជាតិខ្លាំងជាងគេបំផុតនៅលើពិភពលោក​ តែងតែប្រឈមនឹងគ្រោះធម្មជាតិរញ្ជួយដី ខ្យល់ព្យុះ ​។ នៅពេលនេះជប៉ុនបន្តរងការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ នៅលើកោះ​ Izu។

តាមការលើកឡើងរបស់ក្រុមអង្កេត​អំពីការរញ្ជួយដី​អឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) ​បានបញ្ជាក់ ​កាលពីថ្ងៃទី១០ ខែធ្នូ ថា ការរញ្ជួយដី​មួយ ទំហំ​៦រ៉ិចទ័រ​ ​បានកើតឡើង ​នៅសមុទ្រប៉ាស៊ីហ្វិក ក្បែរដែនកោះ Izu របស់ប្រទេសជប៉ុន។

ការរញ្ជួយដីនេះ បានកើតឡើង​ នៅវេលាម៉ោង១៧ និង៥​នាទី ម៉ោងនៅក្នុងតំបន់ ហើយចំណុចកណ្តាល ​ប្រហែល​៥៨០គីឡូម៉ែត្រ​ នាភាគខាងត្បូង នៃទីក្រុងតូក្យូ ក្នុងជម្រៅ១៩គីឡូម៉ែត្រ ។ នេះបើតាមការផ្សាយរបស់គេហទំព័រ EMSC ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេនៅមិនទាន់មាន​សេចក្តីរាយការណ៍ ស្ដីអំពីការខូចខាត ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនៅឡើយ​។

សូមរំឭកថា​ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ការរញ្ជួយដីទំហំ៦.៣រ៉ិចទ័រ​ បានកើតឡើង នៅក្បែរដែនកោះ Honshu នាឈូងសមុទ្រ ភាគខាងត្បូង នៃប្រទេសជប៉ុន។ រីឯកាលពីដើមខែធ្នូ ឆ្នាំ២០១៩នេះ ការរញ្ជួយដីទំហំ៦.១រ៉ិចទ័រ​ បានកើតឡើង នៅតំបន់ Naze ខេត្ត Kagoshima ។ នេះបើតាមការលើកឡើងរបស់ក្រុមអង្កេតភូមិសាស្ត្រ​ និងការរញ្ជួយផែនដី​របស់អាមេរិក ហៅកាត់« USGS »។

ជប៉ុន ជាប្រទេសស្ថិតនៅចំណុចខ្សែក្រវាត់ភ្លើងផែនដី ជាហេតុនាំឲ្យមានការរញ្ជួយដី និងបំផ្ទុះភ្នំភ្លើងជាញឹកញាប់ ។ កាលពីឆ្នាំ២០១១ ការរញ្ជួយដីទំហំ ៩រ៉ិចទ័រ​ បានបង្កឲ្យមានរលកយក្ស​ស៊ូណាមិ ដោយបានសម្លាប់មនុស្សជាង១៥០ ០០០នាក់ ដោយសារគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរ​ Fukushima ផងដែរ ៕


ចែករំលែក៖