ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស​១០នាក់ដោយការវាយប្រហារទៅលើសណ្ឋាគារមួយក្នុង ប្រទេសសូម៉ាលី​

ចែករំលែក៖

តាមរបាយការណ៍របស់អង្គការ វាយតម្លៃពីប្រទេសដែលមានគ្រោះថ្នាក់បំផុតលើពិភពលោក ដើម្បីជួយដល់ពលរដ្ឋ បញ្ចៀសការធ្វើដំណើរទៅកម្សាន្តនៅទីនោះ ហើយសូម៉ាលីគឺជាប្រទេសដែលគ្រោះថ្នាក់បំផុត សម្រាប់អ្នកទេសចរណ៍ សូម្បីតែស្នាក់នៅក្នុងសណ្ឋាគារដែលយាមល្បាតតឹងតែ ក៏មិនមានសុវត្ថិភាពនោះដែរ​។

នៅពេលនេះ​ក្រុមភេរវកម្ម​បានបើកការវាយប្រហារភេរវកម្ម នៅសណ្ឋាគារ​ ក្នុងរដ្ឋធានី​របស់សូម៉ាលី ស្លាប់ និងរបួសជាច្រើន​។ សារព័ត៌មានស៊ីនហួ កាលពីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ​បានបញ្ជាក់ថា មនុស្ស​យ៉ាងតិច​៤នាក់​បានស្លាប់ និង​៦នាក់​ផ្សេងទៀត​រងរបួស នៅ​ក្នុងហេតុការណ៍​វាយប្រហារ​របស់ក្រុមឧទ្ទាម​ទៅលើសណ្ឋាគារ​មួយ​កន្លែង ក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី (Somalia) ។

តាមការផ្សាយ​របស់ប្រភពព័ត៌មានក្នុងស្រុក Dalsan បានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើង​បានស្លៀកពាក់ឯកសណ្ឋាន​ក្លែង ធ្វើជាប៉ូលិស ហើយចូលទៅបាញ់ប្រហារ​ នៅក្នុងសណ្ឋាគារ Syl ស្ថិតនៅក្នុងទីក្រុង Mogadishu របស់ប្រទេសសូម៉ាលី (Somalia) ។ ការបាញ់ប្រហារ​បានបញ្ចប់​ ក្រោយ​មកការប៉ះទង្គិចគ្នាមួយរយៈពេលខ្លី ​រវាង​ក្រុម​ឧទ្ទាម និងកងកម្លាំងសន្តិសុខ​ក្នុងតំបន់ ។ សមាជិកសភាពីរនាក់ និងអតីត​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​ ក៏បានរងរបួស នៅក្នុងហេតុការណ៍នោះផងដែរ។ ដោយឡែកក្រុមឧទ្ទាម Al Shabab ដែលជាក្រុមរ៉ាឌីកាល បានប្រកាស​ទទួលស្គាល់​ការវាយប្រហារនេះ។

លោក Zakia Hussein ស្នងការរង នៃកងកម្លាំងប៉ូលិស​សូម៉ាលី ​បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា «យើងឮស្នូរសំឡេងផ្ទុះកាំភ្លើង ពេលយើងមកដល់ ហើយយើងដឹងថា ក្រុមឧទ្ទាម​៥នាក់​​ បានចូលទៅខាងក្នុងសណ្ឋាគារ ។ ឥឡូវនេះ​យើង​បាន​ និងកំពុងប្រយុទ្ធជាមួយពួកគេ​ នៅខាងក្នុងសណ្ឋាគារ ។ យើងអាចបញ្ជាក់​ថា មនុស្ស៤នាក់បានស្លាប់ និង​៦នាក់ផ្សេងទៀតរងរបួស, អ្នកស្លាប់អាចកើនឡើងជាងនេះ ខណៈមនុស្សជាច្រើននាក់ ​ស្ថិតនៅក្នុងសណ្ឋាគារ ក្នុងនោះ​មានទាំងសមាជិករដ្ឋសភា​ផងដែរ»។

ប្រភពព័ត៌មានក្នុងតំបន់​ បានបញ្ជាក់ថា ជនវាយប្រហារ​២នាក់​ ត្រូវបានបាញ់សម្លាប់​ នៅខាងក្រៅសណ្ឋាគារ ខណៈ​ការបាញ់ប្រហារ​​កំពុង​កើតឡើង នៅខាងក្នុងសណ្ឋាគារនោះ។ មនុស្ស​ជាង​១០០នាក់​ ត្រូវបានជម្លៀសខ្លួន ៕


ចែករំលែក៖